(បន្ទាយមានជ័យ)៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជូនក្រុមក្មេងទំនើងចំនួន៥នាក់ រួមនឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចលូទី២ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
បើតាមលោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឱ្យដឹងថា ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងឈ្មោះ ខោត មុនា (ហៅជ្រូក) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងរបស់លោក បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវ និងស្ទាក់ឃាត់ខ្លួនជាបន្តបន្ទាប់បានជនបង្កចំនួន០៥នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន កាំបិតកែច្នៃ ដងរុំស្កុតពណ៌ខ្មៅ ប្រវែង៦១សង់ទីម៉ែត្រ ចំនួន០១ដើម, ម៉ូតូ ចំនួន ៣គ្រឿង និងកាំភ្លើងហ្គាស ម៉ាក PIETRO BERETTA MOD92FS.9mm ចំនួន០១ដើម, កំប៉ុងហ្គាស ចំនួន០១ និងគ្រាប់ជ័រ ចំនួន០១ថង់ ហើយយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក។
មេបញ្ជាការកងរាជអាវុធហត្ថស្រុក ស្រុកភ្នំស្រុក បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង៥នាក់នេះរួមមាន៖
*ទី១៖ ឈ្មោះ អឿន វណ្ណឆេង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
*ទី២៖ ឈ្មោះ យួត រ៉ាយុត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
*ទី៣៖ ឈ្មោះ អឿន លាបហេង (ហៅផេង) ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
(ទី៤៖ ឈ្មោះ ណាន សំរេច ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
និងទី៥៖ ឈ្មោះ ម៉ែន ជូស៊ឹង (ហៅសិញ) ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្រោយពីកម្លាំងជំនាញសួរនាំរួចមក ក្រុមក្មេងទំនើងទាំង៥នាក់នេះ បានឆ្លើយសារភាពថា ពួកគេបានធ្វើសកម្មភាពជិះម៉ូតូកាន់កាំបិតកាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូមានគ្នាចំនួន០២នាក់ គឺជនរងគ្រោះឈ្មោះ ខោត មុនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះជីក ឃុំស្រះជីកស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យរងរបួសត្រង់ក្បាលខាងក្រោយផ្នែកខាងស្តាំចំនួន១កន្លែង និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ ឆេង ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ពុំមានរងរបួសទេ ដោយសារពួកគេមានជម្លោះគ្នាពីមុនមក។
ដោយបានស្តាប់ចម្លេីយសារភាព របស់ជនសង្ស័យទាំង៥នាក់ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្រ្កាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ក្មេងទំនើងទាំង៥នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕