(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំប្រជុំជាមួយក្រុមការងារ ព្រមទាំងចុះជួបក្រុមការងារក្នុងឃុំដូង និងឃុំក្រយា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក ជា អឿង បានកោតសរសើរក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែល បានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បានល្អប្រសើឆ្ពោះទៅមុខ។
ទន្ទឹមនឹងលទ្ធផលនេះ លោកបានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារ សំខាន់ៗរួមមាន៖
*ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា។
*អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឱ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
*យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាពដើម្បី ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសនោះសម្តេចបានខិតខំប្រឹងប្រែងតាំងពីបាទដៃទទេ ដើម្បីឱ្យប្រទេសបានឈរលើឆាកអន្តរជាតិទទួលស្គាល់។
លោក ជា អឿង បានណែនាំដល់មន្ត្រីគ្រប់រូបត្រូវធ្វើខ្លួនជាមន្ត្រីល្អ ជាអ្នកធ្វើការបំរើស្ថាប័ន អង្គភាពឱ្យមានការីកចម្រើន និងបម្រើប្រជាពលរដ្ឋឱ្យបានពិតប្រាកដ និងត្រូវជៀសឱ្យផុតជាមន្ត្រីគ្រាប់ល្ពៅ៕