(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានប្រកាសនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួននៅទីស្នាក់ការកណ្តាល គណបក្សនាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិនឹងមិនទៅចូលរួមកិច្ចរដ្ឋសភាទាំង គណៈកម្មាធិការអចិន្ត្រៃយ៍ និង កិច្ចប្រជុំពេញអង្គ ដែលនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី៣០ ខែឧសភា ស្អែកនេះឡើយ។
លោក អេង ឆៃអ៊ាង បានចាត់ទុកការទៅចូលរួមកិច្ចប្រជុំនេះថា ជាការឲ្យតំណាងរាស្រ្តមកពីគណបក្សកាន់អំណាចវាយក្បាលតំណាងរាស្រ្ត មកពីគណបក្សសង្រ្គោះជាតិ។
តាមការគ្រោងទុកនៅថ្ងៃចន្ទ ទី៣០ ខែឧសភា ស្អែកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សាចំពោះរឿង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញថា តំណាងរាស្រ្តមកពីគណ បក្សប្រឆាំងរូបនេះ បានប្រឆាំងទៅនឹងដីកាកោះហៅ របស់តុលាការ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អាចនឹងលើកយករបៀបវារៈសំណុំរឿងរបស់ លោក កឹម សុខា ដើម្បីបញ្ចូលទៅបោះឆ្នោតនៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា ហើយកិច្ចប្រជុំពេញអង្គនោះ ក៏អាចនឹងពិភាក្សាបោះឆ្នោតថា តើឱ្យតុលាការផ្អាកនីតិវិធីលើ លោក កឹម សុខា ឬយ៉ាងណា?
លោក កឹម សុខា បានបដិសេធមិនចូលខ្លួន តាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ចំនួន២លើក ពាក់ព័ន្ធនឹងបទសញ្ជារកម្ម ជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បន្ទាប់ពីលោកអវត្តមានជាលើកទី២ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ តុលាការបានចាត់ ទុកថា នេះជាបទល្មើសជាក់ស្តែងថ្មីមួយទៀត ដែលប្រឆាំងទៅនឹងដីកា ដែលចេញដោយតុលាការ ដែលជាស្ថាប័នមានអំណាចឯករាជ្យមួយ នៅក្នុងចំណោមស្ថាប័នអំណាចទាំង៣នៅកម្ពុជា។
តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា តាមមាត្រា ៥៣៨ នៃច្បាប់ព្រហ្មទណ្ឌរបស់កម្ពុ ជា ដែលមាត្រានោះ បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬ មុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»។
សូមជំរាបថា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក យ៉េត ចិរយា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានផ្ញើលិខិតជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដើម្បីរាយការណ៍អំពីការចោទប្រកាន់លោក កឹម សុខា តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ពីបទ «បដិសេធ ក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី តាមការកោះហៅរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងលិខិតផ្ញើជូនប្រធានរដ្ឋសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបរាប់អំពីករណីលោក កឹម សុខា និងការសម្រេចចោទ ប្រកាន់ លោក កឹម សុខា ពីបទ «បដិសេធ ក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបាន បញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លិខិតរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានរដ្ឋសភាបោះត្រាទទួលចូលនៅវេលាម៉ោង១០៖៤០នាទី ថ្ងៃទី ២៧ ខែឧសភានេះ៕