(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បើគ្រាន់តែនិយាយថាស្រឡាញ់បរិស្ថាន វាមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែត្រូវទាមទារឱ្យប្រជាពលរដ្ឋកែប្រែពីចំណេះដឹង ផ្នែកបរិស្ថាន មកចូលរួមធ្វើសកម្មភាពដោយផ្ទាល់ក្នុងនាមជាប្រជាពលរដ្ឋសកម្មលើផ្នែកបរិស្ថាន។
ជាមួយគ្នានេះលោក នេត្រា ភក្ត្រា បានឱ្យដឹងថា រយៈពេល១០ឆ្នាំចុងនេះ ចំណេះដឹងរបស់ប្រជាពលរដ្ឋខ្មែរ ផ្នែកបរិស្ថានមានការប្រែប្រួលជាច្រើន តាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ការទទួលបានព័ត៌មានច្រើន ប្រភពពីប្រព័ន្ធផ្សព្វផ្សាយ ខណៈក្រសួងបរិស្ថាន បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស លើផ្នែកបរិស្ថានតាមរយៈការធ្វើសកម្មភាពដោយផ្ទាល់ជាដើម។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជារួមប្រជាពលរដ្ឋគាត់បានយល់ដឹងច្រើនពីបញ្ហាបរិស្ថាន ប៉ុន្តែអ្វីដែលយើងចង់បាន គឺការប្រែប្រួលពីការយល់តិច មកយល់ច្រើនយើងចង់ឱ្យការយល់ច្រើន របស់គាត់ពីបញ្ហាបរិស្ថាន ពីចំណេះដឹងទៅជាសកម្មភាព អ៊ឹចឹងបើយើងស្រឡាញ់តែបរិស្ថាន វាអត់ទាន់គ្រប់ ប៉ុន្តែ ការធ្វើសកម្មភាពដោយផ្ទាល់ ប្រែក្លាយពីចំណេះដឹងទៅជាសកម្មភាព ហ្នឹងហើយជាការចូលរួមយ៉ាងសកម្មបំផុត ក្នុងនាមជាប្រជាពលរដ្ឋសកម្ម លើការងារ ការពារអភិរក្សបរិស្ថានរបស់យើង»។
បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីពង្រីកវិសាលភាពចំណេះដឹងឱ្យកាន់តែទូលំទូលាយផ្នែកផ្នែកបរិស្ថានដល់ស្រទាប់សាធារណជន ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងទេសចរណ៍, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងធម្មការ និងសាសនា, ដោយក្រសួងទេសចរណ៍ គឺការជំរុញទៅលើអនាម័យ បរិស្ថានស្អាត ដោយជំរុញឱ្យភោជនីយដ្ឋានដែលបម្រើសេវាជូនភ្ញៀវទេសចរមានសភាពស្អាត, សម្រាប់ក្រសួងអប់រំ គឺជំរុញឱ្យមានការប្រកួតប្រជែង ប្រឡងប្រណាំងសាលាមេត្រីភាពបរិស្ថាន ជាផ្នែកមួយបានធ្វើឱ្យសាលារៀននីមួយៗមានការយកចិត្តទុកដាក់កែលម្អ សោភ័ណភាពសាលារៀន ដើម្បីអាចប្រកួតប្រជែងយកពាន់រង្វាន់ ដោយឡែកជាមួយក្រសួងធម្មការ គឺបានជំរុញទៅលើអារាមមេត្រីបរិស្ថាន ដែលជាផ្នែកមួយយ៉ាងសំខាន់ ដែលមានគោលការណ៍គ្រប់គ្រងវត្តអារាម ដោយប្រតិបត្តិផ្នែកបរិស្ថានជាធំ ដើម្បីជាឱកាសឱ្យប្រជាពលរដ្ឋបានមើលឃើញពីការរៀបចំវត្តអារាមស្អាត ដែលជាផ្នែកមួយនៃការអប់រំផ្នែកចិត្តគំនិត ការផ្តល់ចំណេះដឹងលើការរក្សាបរិស្ថានស្អាតជាដើម។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានលើកយកទ្រឹស្តីរបស់ក្រសួងបរិស្ថាន មកជម្រាបជូន «យើងមិនស្តីបន្ទោសទេ តែយើងផ្តល់រង្វាន់វិញ» គឺមានន័យថា ការផ្តល់រង្វាន់លើកទឹកចិត្តនេះគាត់អាចនឹងកែប្រែឥរិយាបថរបស់ពួកគាត់។
បើតាមលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងខេត្តមានជាង ១លាននាក់ ក្នុងនោះមានបរិមាណសំណល់រឹងដែលគិតជាស្តង់ដា មនុស្សម្នាក់អាចប្រើប្រាស់សំរាមចន្លោះពី ៩ខាំ ទៅ ១គីឡូ ២ខាំ ក្នុងទីប្រជុំជន។ ចំណែកនៅក្រៅទីប្រជុំជនក្នុងម្នាក់ប្រើប្រាស់ ៣ខាំ។ ដូច្នេះ បើគិតជារួមសំរាមមានជិត៦០០តោន ក្នុង១ថ្ងៃ ដែលកំពុងបង្កផលប៉ះពាល់ដល់បរិស្ថាន។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានលើកឡើងថា សម្រាប់ខេត្តសៀមរាប គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានផ្តល់នូវបច្ចេកទេស ព្រមទាំងការបណ្តុះបណ្តាលសមត្ថភាពផ្សេងៗដល់មន្ត្រីបរិស្ថាន ជាពិសេសបានផ្តល់ឡដុតសំរាមចំនួន ៤ទីតាំង រួមមាន៖ នៅលើឃុំខ្នងភ្នំ ស្រុកស្វាយលើ, ស្រុកសូនិគម, ស្រុកស្វាយលើ និងស្រុកក្រឡាញ់ ខណៈឡនីមួយៗមានសមត្ថភាពដុតសំរាមចាប់ពី២ ទៅដល់១២តោន។
លោក ប៉ាច ពៅ ប្រធានគម្រោងទឹកស្អាត និងអនាម័យ (Project W) របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) បានថ្លែងថា គម្រោងនេះមានគោលដៅចម្បងក្នុងការលើកកម្ពស់សុខភាព ការសិក្សា និងអនាម័យឱ្យមានភាពល្អប្រសើរនៅតាមសាលារៀនសាធារណៈ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិកដោយផ្ដើមចេញពីគ្រឹះសា្ថនអប់រំ តាមរយៈការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត ឡដុតសំរាម និងបង្គន់អនាម័យ។
លោកប៉ាច ពៅ បានបន្តថា គម្រោងនេះបានកំពុងអនុវត្តគម្រោងសាកល្បងរបស់ខ្លួនចំនួន៥ សាលាក្នុងនោះរួមមាន វិទ្យាល័យ ខ្នារសណ្តាយ, វិទ្យាល័យតេជោ ហ៊ុនសែន អង្គរធំ, អនុវិទ្យាល័យតាប៉ាង, អនុវិទ្យាល័យខ្ចាស់ និងវិទ្យាល័យត្រពាំងប្រិយ៍។ បន្ទាប់ពីវាយតម្លៃគម្រោងសាកល្បង គម្រោងនឹងកំពុងបន្តបេសកកម្មរបស់ខ្លួននៅក្នុងសាលារៀនសាធារណចំនួន ៤៩សាលាបន្ថែមទៀតនៅទូទាំងខេត្តសៀមរាប។ នេះគឺជាគម្រោងមួយជួយកាត់បន្ថយប្លាស្ទិក និងផ្តល់ទឹកស្អាតសម្រាប់សិស្សប្រើប្រាស់ និងផឹកដោយឥតគិតថ្លៃ។
សូមជម្រាបថា លោក នេត្រ ភក្ត្រា បានដឹកនាំក្រុមការ ចុះពិនិត្យគម្រោងទឹកស្អាត និងអនាម័យ (Project W) ជាគម្រោងរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅអនុវិទ្យាល័យតាប៉ាង ភូមិតាប៉ាង សង្កាត់ អំពិល ក្រុងសៀមរាប ខេត្តសៀមរាប៕