(ព្រះវិហារ)៖ ប្រធានមន្ទីររ៉ែ និងថាមពលថ្មីខេត្តព្រះវិហារ លោក ស៊ុន ច័ន្ទរក្សា ត្រូវបានប្រកាសចូលកាន់តំណែងជំនួសលោក យូ ចិន្តាយុទ្ធ ដែលបានចូលនិវត្តន៍។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការតំណាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង ស្រុក ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ
នាឱកាសនោះដែរលោក គីម រិទ្ធ បានថ្លែងដោយក្តីសប្បាយរីករាយ ដោយបានចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តនៅពេលនេះ គឺជាការជំរុញលើកទឹកចិត្តមន្ត្រី និងបុគ្គលិកនៃមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បន្តបេសកកម្មការងារវិស័យរ៉ែ និងថាមពល នៅក្នុងក្របខ័ណ្ឌ នៃខេត្តព្រះវិហារ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងនាមរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត, លោក គីម រិទ្ធី បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តន៍នូវគោលនយោបាយជាតិស្តីពីធនធានរ៉ែ ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវចក្ខុវិស័យ និងគោលបំណងធ្វើឡើង ដើម្បីអនុវត្តន៍នូវធនធានរ៉ែ និងធានាឱ្យការអនុវត្តន៍ធនធានរ៉ែ ធ្វើឡើងដោយចីរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាពស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៦ នៃរដ្ឋសភា។
លោក ស៊ុយ ឌីម៉ង់, ក្នុងនាមលោករដ្ឋមន្ត្រី ស៊ុយ សែម និងថ្នាក់ដឹកនាំក្រសួង បានណែនាំដល់លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ដែលទើបតែងតាំងថ្មី ក៏ដូចជាមន្ត្រីក្នុងមន្ទីររ៉ែទាំងអស់ត្រូវវអនុវត្តន៍៖
*ត្រូវក្តាប់ឱ្យបាននូវគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ ពាក់ព័ន្ធនិងវិស័យរ៉ែ និងថាមពល។
*ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវបំផុតនូវលិខិតបទដ្ឋានគតិយុទ្ធ គោលការណ៏ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្ត។
*រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ត្រូវដឹកនាំប្រកបដោយគណនេយ្យភាព និងព្រហ្មវិហារធម៌ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំ ចំពោះមន្ត្រីក្រោមឱវាទត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើប្រកបដោយភាពស្មោះត្រង់ និងគោរពប្រយោជន៍សមូហភាព៕