(អាមេរិក)៖ ក្រុមអ្នកគាំទ្រ និងប្រឆាំងបេក្ខជនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំភ៍ បានប៉ះទង្គិច គ្នានៅចំពីមុខវេទិកាដែលលោក ត្រំាភ៍ កំពុងអំពាវនាវរកសំឡេងគាំទ្រតែម្តង នាំឲ្យមនុស្សជាច្រើននាក់ រងរបួស នៅក្នុងទីក្រុង San Diego នៃរដ្ឋកាលីហ្វរញ៉ា ក្បែរព្រំដែនប្រទេសម៉ិចស៊ិកូ។ នេះបើតាមការ ចេញផ្សាយដោយ BBC នាយប់ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៦។
ប៉ូលិសប្រចាំទីក្រុងបានចេញយុទ្ធនាការបង្ក្រាប ក្រុមបង្កភាពអណាធិបតេយ្យ ដោយបានចាប់ខ្លួនអ្នក គប់ដបទឹកសុទ្ធ និងដុំថ្មប្រមាណ ៣៥នាក់ ដែលពួកគេទាំងនេះបានបង្ក ឲ្យមនុស្សជាច្រើនរងរបួស។ គួរបញ្ជាក់ថាលោក ត្រាំភ៍ បានទៅកាន់ទីក្រុងខាងលើនេះ ដើម្បីធ្វើការទាក់ទាញរកសំឡេងគាំទ្រ ជាបណ្តើរៗ មុននឹងការប្រកួតប្រជែងធ្វើឡើងជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះសម្រាប់រដ្ឋកាលីហ្វរញ៉ាទាំងមូល។
អ្វីដែលធ្វើឲ្យអ្នកប្រឆាំងនៅរដ្ឋកាលីហ្វរញ៉ា មានការក្តៅក្រហាយចំពោះលោកត្រាំភ៍នោះ គឺគំរោងដែល លោកធ្លាប់បានប្រកាសថា ប្រសិនបើជាប់ជាប្រធានាធិបតីអាមេរិក លោកនឹងកសាងរបងព្រំដែនឲ្យរឹងមុំា បំផុតដើម្បីការពារមិនឲ្យជនភៀសខ្លួន ឆ្លងដែនខុសច្បាប់ចូលមកទឹកដីអាមេរិក៕