(ភ្នំពេញ)៖ ក្រោយរត់គេចខ្លួនអស់រយ:ពេលជាង៥ខែ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលរាជធានីរាជធានភ្នំពេញ បានស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ ហ៊ាន ប៊ុនធាន អាយុ៣៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ពាក់ព័ន្ធបទល្មើស «ហិង្សាដោយចេតនាទៅលើអ្នកដ៏ទៃដោយប្រើអាស៊ីតខ្លាំង» ប្រព្រឹត្តនៅចំណុចមុខសាលាជាតិកសិកម្មព្រែកលៀបផ្លូវជាតិលេខ៦A។
លោកវរសេនីយឯក អេង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០៖៣០នាទី កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យនៅចំណុចផ្ទះសំណាក់ «ថានសួគ៍ប្រសិទ្ទ» តាមបណ្តោយផ្លូវលំ ភូមិស្វាយឧត្តមសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកវរសេនីយឯក អេង សោភា បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាន ប៊ុនធាន ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ហិង្សាដោយចេតនាទៅលើអ្នកដ៍ទៃ ដោយប្រើអាស៊ីតខ្លាំង» ប្រព្រឹត្តនៅចំណុចមុខសាលាជាតិកសិកម្មព្រែកលៀបផ្លូវជាតិលេខ៦A ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២។
រហូតមកដល់ពេលនេះ ជនសង្ស័យកំពុងស្ថិតក្នុងចំណាត់ការរបស់ចៅក្រមស៊ើបសួរលោក ឯក ប៉ូលីហ្វីល៕