(ពោធិ៍សាត់)៖ មុខសញ្ញាក្មេងទំនើង ចំនួន០២នាក់ ក្នុងចំណោម៦នាក់ ត្រូវបាននគរបាលស្រុកកណ្ដៀងចាប់ខ្លួនយកមកអប់រំ ធ្វើកិច្ចសន្យា និងកោរសក់ក្រាបសំពះសុំទោស សច្ចាបញ្ឈប់សកម្មភាព នៅចំពោះមុខឪពុកម្ដាយ ខណៈដែលពួកគេកំពុងជិះម៉ូតូ ០៣គ្រឿង ធ្វើសកម្មភាពដេញវៃតប់គ្នានៅទីសាធារណៈ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១០ និង១៥ នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅលើបណ្ដោយផ្លូវកៅស៊ូលេខ១០១ ប្របមាត់ស្ទឹងពោធិ៍សាត់ ត្រើយខាងលិចត្រង់ចំណុចស្ពានថ្មវត្តពោធិ៍សុវណ្ណរង្សី ក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក អ៊ុនស៊ី អធិការនគរបាលស្រុកកណ្ដៀង បានឱ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ វ៉ាត ស៊ីថា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិបឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ទី២ មានឈ្មោះ សុឹសុផា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកអធិការបញ្ជាក់ឱ្យដឹងថា ស្របពេលដែលកម្លាំងរបស់លោក ចុះល្បាតដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាននៅពេលយប់ ស្រាប់តែជួបក្រុមក្មេងទំនើង ចំនួន០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ប្រដេញវាយតប់គ្នា នៅលើបណ្ដោយផ្លូវលេខ១០១ ប្របមាត់ស្ទឹងពោធិ៍សាត់ ត្រើយខាងលិច ចាប់ពីចំណុចស្ពានអាកាសផ្លូវក្រវ៉ាត់ក្រុង ក្នុងទិសដៅពីត្បូងទៅជើង។ ឃើញដូច្នេះសមត្ថកិច្ចបានដេញចាប់ប្រផាប់ប្រភីង ស្ទាក់ឃាត់ខ្លួនបាន ចំនួន០២នាក់ នៅត្រង់ចំណុចខាងលើ។ ចំណែក០៤នាក់ផ្សេងទៀតបានជិះគេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខផងដែរ។
លោកបញ្ជាក់ផងដែរថា បន្ទាប់ពីឃាត់ខ្លួនក្មេងទំនើងបាន ចំនួន០២នាក់ខាងលើ សមត្ថកិច្ចរបស់លោកបានបញ្ជូនមកអធិការដ្ឋាន ដោយធ្វើកិច្ចសន្យាអប់រំ រួចកោរសក់ក្រាបសំពះសុំទោស សច្ចាបញ្ឈប់សកម្មភាពដែលសង្គមស្អប់ខ្ពើម នៅចុះមុខឪពុកម្ដាយ និងសមត្ថកិច្ច រួចឱ្យធ្វើលិខិតធានា ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕