(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នឹងរៀបចំកម្មវិធីអបអរសាទរទិវាអាស៊ាន លើកទី៥៥ នៅសាលសន្និសីទចតុម្មុខ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងស្ថាប័ន ឧត្តមមន្រ្តីផ្នែកវប្បធម៌ និងសិល្បៈ អង្គទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនា មន្រ្តីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ព្រមទាំងសិស្ស និងនិស្សិតជាច្រើនរូបទៀត។

របៀបវារៈនៃកម្មវិធីមានដូចខាងក្រោម៖

* កម្មវិធីសំណួរចម្លើយចំណេះដឹងពីអាស៊ាន
* សម្តែងទស្សនីយភាពរបាំអាស៊ាន
* សម្តែង និងប្រគុំជូនចម្រៀងអាស៊ាន
* ពិព័រណ៍រូបថតសមិទ្ធផលក្នុងក្របខណ្ឌអាស៊ានផ្នែកវប្បធម៌និងសិល្បៈ។

សូមជម្រាបថា ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះថ្ងៃកំណើតរបស់អាស៊ាន ដែលមកដល់ពេលនេះមានអាយុ៥៥ឆ្នាំហើយ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានក្លាយទៅជាអង្គការតំបន់មួយ ដែលមានប្រជាប្រិយភាព មានដៃគូសន្ទនាកាន់តែច្រើន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងលើពិភពលោកផងដែរ។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២ ខណៈឆ្នាំ២០២២នេះ គ្រោងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕