(កំពង់ធំ)៖ អ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសំណេះសំណាលជាមួយពលរដ្ឋប្រមាណ ១ពាន់នាក់នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមដោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការីរបស់អ្នកឧកញ៉ា លី សាម៉េត ផងដែរ។
ឃុំចំណារលើ ជាឃុំមួយក្នុងចំណោមឃុំមួយចំនួនទៀត ដែលមានភាពអសកម្មមួយចំនួននាំដល់អារម្មណ៍ថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាលនេះ អ្នកឧកញ៉ា លី សាម៉េត បានលើកឡើងចំៗថា មួយរយៈពេលនេះលោកសង្កេតឃើញប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង មានបញ្ហាជាច្រើនដែលកើតឡើងដោយអាជ្ញាធរមូលដ្ឋាន មិនបានដោះស្រាយជូន។ បញ្ហាទាំងនោះមានដូចជា៖ បញ្ហាដីធ្លី បញ្ហាស្រូវលិចទឹក បទល្មើសផ្សេងៗ និងសេវាសាធារណៈជាដើម។
ជាមួយការលើកពីបញ្ហាហើយនោះ អ្នកឧកញ៉ា ក៏បានធានាអះអាងថា ចាប់ពីពេលនេះតទៅអាជ្ញាធរមូលដ្ឋានត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយបញ្ហាជូនពួកគាត់។
អ្នកឧកញ៉ា បានផ្តាំប្រជាពលរដ្ឋថា ពេលមានបញ្ហាផ្សេងៗ សូមប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយបានទាន់ពេលវេលា។
អ្នកឧកញ៉ា លី សាម៉េត ក៏បានឆ្លៀតលើពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីតួនាទីភារកិច្ចរបស់អាជ្ញាធរ គឺជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់បំផុត។ ដូច្នេះត្រូវយកចិត្តលើការងារបម្រើប្រជាពលរដ្ឋ គឺត្រូវតែលឿន រហ័ស និងមានប្រសិទ្ធភាព។
អ្នកឧកញ៉ា ក៏បានរំលឹកពីអភិក្រមទាំង៥របស់សម្តេចតេជោ ជូនដល់អាជ្ញា ដើម្បីជាការដាស់តឿន ក្រើនរំលឹកដល់មន្ត្រី ពង្រឹងស្មារតីបម្រើប្រជាពលរដ្ឋ លុបបំបាត់ការថ្នាំងថ្នាក់ទាំងឡាយ។
អ្នកឧកញ៉ា លី សាម៉េត បានស្នើអាជ្ញាធរក្នុងឃុំចំណារលើ ក៏ស្រុកស្ទោងទាំងមូល ប្រឹងប្រែងយកចិត្តទុកដាក់ជួយការលំបាករបស់ប្រជាពលរដ្ឋ និងព្យាយាមដោះស្រាយរាលបញ្ហាដែលគាត់ជួបប្រទះ។ ជាពិសេសចៀសវាងដាច់ខាតទង្វើដែលនាំឱ្យពលរដ្ឋថ្នាំងថ្នាក់៕