(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ព្រមទាំងក្រុមការងារ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអញ្ជើញជូនដំណើរគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោក Kim Jung Nam ប្រធានមូលនិធិ ត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីគណៈប្រតិភូបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។
មុននឹងបញ្ចប់ទស្សនកិច្ចជាផ្លូវការរបស់ លោក Kim Jung Nam នាយកប្រតិបត្តិមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ បានបញ្ជាក់ថា ការយកចិត្តទុកដាក់ក្នុងការងារមនុស្សធម៌របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសលោក ម៉ម ប៊ុននាង ជាប្រធានគណៈកម្មទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងក្រុមការងារសម្របសម្រួលដែលដឹកនាំដោយលោក សុខ សំណាង ជំនួយការសម្តេចប្រធានព្រឹទ្ធសភា និងលោក ជា ធីរិទ្ធ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសហការី ដែលបានបំពេញកាត្វកិច្ចបានល្អជាងគេក្នុងចំណោមប្រទេសទាំង ២៤ ប្រទេស ដែលអង្គការបានផ្តល់ជំនួយនាពេលកន្លងមកនេះ។ សកម្មភាពជាក់ស្តែងរួមមាន ធ្វើការងារលឿន ចំគោណបំណងដែលអង្គការចង់បាន ដោយមានតម្លាភាព គណនេយ្យភាព ស្ម័គ្រចិត្តបម្រើជាតិមិនគិតផលប្រយោជន៍ និងមិនមានការរើសអើង ជាដើម។
លោក បានបន្តទៀតថា ដើម្បីជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ព្រមទាំងក្រុមការងារសម្របសម្រួល លោកនាយកសហប្រតិបត្តិ បានបន្ថយរយៈពេលនៃការផ្តល់ជំនួយចំនួន ១០,០០០,០០០ដុល្លាររយៈពេល៥ឆ្នាំ មកនៅត្រឹម ៣ឆ្នាំ ៤ខែ វិញ សំរាប់១០,០០០,០០០ដុល្លារ នេះ។ លើសពីនេះផងដែរ នៅពេលដែលលោក និងក្រុមការងារវិលត្រឡបទៅដល់ប្រទេសកូរ៉េវិញលោកនឹងរៀបចំកិច្ចប្រជុំបន្ទាន់ក្នុងការពិចារណាក្នុងការផ្តល់ម៉ាស៊ីន MRI ដែលជាបច្ចេកវិទ្យាចុងក្រោយមានតម្លៃរហូតដល់ ២)៥០០,០០០ដុល្លារ ព្រមទាំងបរិក្ខាពេទ្យ និងសម្ភារៈសិក្សារផ្សេងទៀតផងដែរ៕