(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជំរុញដល់គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហានិងតម្រូវការពួកគាត់បានទាន់ពេលវេលា។
លោកស្រី ឃួន ឃុនឌី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងមានការចូលរួមរបស់សមាជិកសមាជិការប្រមាណជិត១០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។
ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រីបានជំរុញដល់គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិកាតាមមូលដ្ឋានរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហានិងតម្រូវការពួកគាត់បានទាន់ពេលវេលានិងចំគោលដៅ ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវបង្កើនការយកចិត្តទុកដាក់លើយុវជន ព្រមទាំងកម្លាំងបន្តវេន និងបេក្ខជនដែលមានសក្តានុពល និងប្រជាប្រិយភាព។
ជាមួយនេះ លោកស្រីបានបង្ហាញឲ្យឃើញថា ជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់ អាណត្តិទី៥កន្លងមក គឺជាការគាំទ្រថ្មីៗថែមទៀតរបស់ប្រជាជនកម្ពុជា ពិសេសពីសំណាក់យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សមាជិកព្រឹទ្ធសភារូបនេះបានណែនាំដល់មន្ត្រីគ្រប់រូបត្រូវធ្វើខ្លួនជាមន្ត្រីល្អ ជាអ្នកធ្វើការបម្រើស្ថាប័ន អង្គភាពឲ្យមានការរីកចម្រើន និងបម្រើប្រជាពលឲ្យបានពិតប្រាកដ និងត្រូវជៀសឲ្យផុតជាមន្ត្រីគ្រាប់ល្ពៅ។
លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តជួយថែរក្សាសន្តិភាពឲ្យបានគង់វង្សស្ថិតស្ថិរ និងជួយគាំពារជនងាយរងគ្រោះ ពិសេសត្រូវបន្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ និងត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងចាក់វ៉ាក់សាំងបង្កាមេរោគកូវីដ១៩ឲ្យបានគ្រប់ៗគ្នា៕