(ប្រទេសថៃ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ អមដំណេីរដោយឯកឧត្តម អ៊ូ ក សោភ័ណ្ឌ ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងរោងចក្រCPF(Thailand)Public Company Limited ស្ថិតនៅក្នុងខេត្តនគរាជសីម៉ា ប្រទេសថៃ។
នាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនពលកររបស់យើងដែលបានកំពុងធ្វើការនៅបរទេស។
លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CPF ដែលបានផ្តល់ឱកាសការងារ ជូនដល់ពលករកម្ពុជា ឲ្យបានបម្រើការងារនៅក្រុមហ៊ុន ទទួលបានប្រាក់ឈ្នួល ការស្នាក់នៅ និងហូបចុកបានយ៉ាងសមរម្យ ថែមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់ពលករកម្ពុជាបានយ៉ាងល្អប្រសើរផងដែរ។
ទន្ទឹងនឹងនេះ លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះបងប្អូនពលករខ្មែរ ដែលមានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកប្រាក់កម្រៃចិញ្ចឹមគ្រួសារ ជាការចូលរួមចំណែក រកចំណូលជូនជាតិ ដែលបងប្អូនពលករខ្មែរនៅថៃមានចំនួន ១,២លាននាក់ ម្នាក់ៗក្នុងមួយខែបានផ្ញើប្រាក់ទៅផ្ទះរាប់រយដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ជីវភាព ហើយបើគិត ១ឆ្នាំ បងប្អូនពលករយើងបានផ្ញើលុយទៅក្រុមគ្រួសារ ប្រមាណរាប់សិបលានដុល្លារអាម៉េរិក និងនៅពេលបងប្អូនយើង វិលត្រឡប់ទៅប្រទេសកំណើត នឹងមានចំណេះ និងជំនាញការងារ មកអភិវឌ្ឍប្រទេសផងដែរ។
លោកបណ្ឌិត អ៉ិត សំហេង ដែលជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ គូសបញ្ជាក់ថា គណៈកម្មការបានបើកយុទ្ធនាការផ្ដល់ភាពស្របច្បាប់ ជូនបងប្អូនពលករដោយផ្ដល់លិខិតធ្វើដំណើរ TD និងចេញប័ណ្ណ OCWC និងឯកសារផ្សេងទៀតដែលធានាបាននូវភាពស្របច្បាប់ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ជារួមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជានិច្ចជាកាល បានផ្ដល់នូវការគាំពារគ្រប់បែបយ៉ាងជូនដល់បងប្អូនពលករ និងក្រុមគ្រួសារ។
លោកបណ្ឌិត បន្តថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមកថ្មីៗនេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់បំផុត ដែលក្នុងនោះក៏មានបងប្អូនពលករ និងក្រុមគ្រួសាររបស់បងប្អូន បានទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សបញ្ជាក់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់បងប្អូនពលករកម្ពុជា បន្តថែទាំសុខភាព ដោយប្រកាន់ខ្ជាប់នូវវិធានការពារពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវចូលរួមគោរពច្បាប់របស់ប្រទេសគេឲ្យបានល្អ ជៀសវាងបង្កបញ្ហាផ្សេងៗដែលធ្វើឲ្យមានទោសទណ្ឌដល់ខ្លួន។
គួរបញ្ជាក់ជូនដែរថា រោងចក្រ CPF (Thailand) Public Company Limited. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន C.P. Group ប្រទេសថៃ បានចាប់ដំណើរការអាជីវកម្មនៅប្រទេសថៃ តាំងពីឆ្នាំ ១៩៩៦។ រោងចក្រ CPF ជារោងចក្រផលិតសាច់មាន់គ្រប់ប្រភេទ មានទាំងសាច់មាន់ស្រស់ ទាំងអាហារឆ្អិន សម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅប្រទេស បច្ចុប្បន្នក្រុមហ៊ុន CPF នៅខេត្តនគររាជសីមា មានពលករទាំងអស់សរុបចំនួន ៨ ៣៥២នាក់ ក្នុងនោះ ពលករកម្ពុជា មានចំនួន ២ ២៧៥នាក់ (ស្រី ១ ០៩៧នាក់)៕