(សៀមរាប)៖ សមាគមគ្រូពេទ្យកុមារកម្ពុជាបានរៀបចំសន្និសីទស្តីពីទិវាវេជ្ជសាស្ត្រកុមារលើកទី២៥ ដើម្បីពង្រឹងនិងបង្កើនចំណេះដឹងវិជ្ជាជីវៈដល់គ្រូពេទ្យទាំងអស់ឱ្យកាន់តែមានសមត្ថភាពក្នុងការផ្តល់សេវាថែទាំព្យាបាលកុមារឱ្យបានល្អត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
ថ្លែងក្នុងសន្និសីទស្តីពីទិវាវេជ្ជសាស្ត្រកុមារលើកទី២៥ នាថ្ងៃទី៦ខែសីហាឆ្នាំ២០២២ លោកសាស្ត្រាចារ្យ យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានលើកឡើងថា គ្រូពេទ្យកុមារមកពីមន្ទីរពេទ្យនានាត្រូវនាំនូវចំណេះដឹងថ្មីៗ ដើម្បីចូលរួមក្នុងការផ្តល់នូវសេវាព្យាបាលកុមារៗឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងយកចិត្តទុកដាក់ជាប់ជានិច្ចក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ។ ម្យ៉ាងវិញទៀត សិក្ខាកាមទាំងអស់ត្រូវផ្សព្វផ្សាយដល់សហភាតរៈផ្សេងៗ ដើម្បីធ្វើឱ្យកាន់តែប្រសើរ ក្នុងការផ្តល់សេវាសុខភាពជូនប្រជាជន ស្របតាមគោលនយោបាយប្រកបដោយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លូសវៃរបស់សម្តេចតេជោ ហ៊ុន សែន។
លោកសាស្ត្រាចារ្យបានបន្តថា ការរៀបចំទិវាវេជ្ជសាស្ត្រកុមារលើកទី២៥ ក្នុងគោលបំណងពង្រឹង និងបង្កើនចំណេះដឹងជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់ឱ្យកាន់តែមានសមត្ថភាពក្នុងការផ្តល់សេវាថែទាំព្យាបាលកុមារឱ្យបានល្អត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ សមាគមគ្រូពេទ្យកុមារកម្ពុជារៀបចំទិវាវេជ្ជសាស្ត្រកុមារ និងសិក្ខាសាលា ដើម្បីការអភិវឌ្ឍវិជ្ជាជីវៈបន្ត ផ្នែកវេជ្ជសាស្ត្រកុមារ ដើម្បីផ្ដល់នូវវេទិកាដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេស និងក្រៅប្រទេសបានចែករំលែក និងផ្លាស់ប្ដូរនូវបទពិសោធន៍គ្នា ក៏ដូចជាជួយផ្ដល់នូវចំណេះដឹងថ្មីៗទាក់ទងនឹងរោគកុមារ ដើម្បីឱ្យសិក្ខាកាមអាចទាញយកសារសំខាន់ សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា។
ទន្ទឹមនឹងនោះ សិក្ខាសាលាបានបង្ហាញពីការរកឃើញ និងការព្យាបាលនៃជំងឺស្វាយនៅលើទារកទើបនឹងកើត ដែលបានឆ្លងពីម្ដាយមានមេរោគស្វាយ នៅមន្ទីពេទ្យជ័យវរ្ម័នទី៧នៅមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យខេត្តមិត្តភាពខ្មែរ-ជប៉ុន មង្គលបុរីខេត្តបន្ទាយមានជ័យ ដែលបង្ហាញពីកុមារលូតលាស់យឺត នៅមន្ទីរពេទ្យកុមារអង្គរ សៀមរាប។ ការបង្ហាញពីជំងឺរលាកពោះវៀនកុមារ ដោយកម្រនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ភ្នំពេញ។ ទាក់ទងងនឹងជំងឺគ្រុនឈាម ដែលមានការបង្ហាញពីស្ថានភាពអាហារូបត្ថម្ភកុមារ ដែលមិនមានហានិភ័យទៅជំងឺគ្រុនឈាមធ្ងន់ធ្ងរឡើយ និងការបង្ហាញពីរោគសញ្ញានៃជំងឺគ្រុនឈាមចំពោះអ្នកជំងឺតាឡាសេមី។
ការសិក្សាស្រាវជ្រាវគ្រប់គ្រង និងព្យាបាលជំងឺជើងកែកចំនួន៤៦ករណី នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។ការបង្ហាញពីកុមារី មានអាយុ៨ឆ្នាំម្នាក់ មានដំបៅស្បែក និងសួត នៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ បទបង្ហាញរបស់វាគ្មិនបរទេសពីកាណាដា និងថៃ ដែលទាក់ទងនឹងការលូតលាស់ផ្នែកខួរក្បាល និងភាពស៊ាំរបស់ទារក និងកុមារ។
ជាមួយនេះដែរ លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យត្រូវយល់ដឹងឱ្យច្បាស់កាតព្វកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ ដែលជាឯកករណីយកិច្ចក្នុងការមើលថែអ្នកជំងឹ ដោយគ្រូពេទ្យមិនធ្វើការជួញដូរ ឬមុខរបររកស៊ីជាមួយអ្នកជំងឺនោះឡើយ។ ក្រុមគ្រូពេទ្យដែលបំពេញការងារនៅក្នុងប្រទេសកម្ពុជា ត្រូវមានគុណវុឌ្ឍត្រឹមត្រូវ មានសញ្ញាបត្រ និងអាជ្ញាប័ណ្ណ ដែលទទួលស្គាល់ពីក្រសួងសុខាភិបាល ក្នុងការមើលថែអ្នកជំងឺប្រកបដោយគុណភាពខ្ពស់ផងដែរ៕