(ភ្នំពេញ)៖ លោក អៀង សុធារ៉ា អាជីវករល្បីឈ្មោះលើការប្រកបអាជីវកម្ម តាមគន្លងព្រះពុទ្ធសាសនា បានប្រាប់ពីការប្រើប្រាស់ «ទាន» ដើម្បីឲ្យក្រុមហ៊ុនកាន់តែមានការរីកចម្រើន និងមានដំណើរវិវត្ដន៍ទៅមុខបានល្អគង់វង្ស។
លោក អៀង សុធារ៉ា បានលើកឡើងថា «ទាន» មានន័យថា ការដែលយើងឲ្យ ឬក៏វត្ថុដែលគួរឲ្យ ឬមួយទៀតហៅថា អំណោយ ហើយ «ទាន» នៅក្នុងពុទ្ធសាសនា មានការបែងចែកជា២ ប៉ុន្ដែការអនុវត្ដកន្លែងខ្លះអាចមាន៣ រួមមាន៖ អមិសទាន (អាមិសទាន) , ធម្មទាន និងអភ័យទាន។
ទន្ទឹមគ្នានេះ លោក អៀង សុធារ៉ា ក៏បានពន្យល់នូវពាក្យទាំង៣នោះ រួមមាន៖
ទី១៖ «អមិសទាន» ពាក់ព័ន្ធនឹងអ្វីដែលយើង ជួយដល់បុគ្គលណាម្នាក់ ឬក៏ជួយដល់ក្រុមហ៊ុនណាមួយ ឬក៏ជួយដល់សង្គមនូវរបស់៤យ៉ាង៖ ពាក់ព័ន្ធនឹងអាហារ មានន័យថា ក្រអត់ឃ្លាន, ទឹកជំនន់ គឺយើងជួយអាហារ, ការជួយជាសម្លៀកបំពាក់, ជួយជាជម្រកផ្ទះសម្បែងជាដើម, ជួយជាភេសជ្ជៈ ឬក៏ជួយជាថ្នាំ ដើម្បីព្យាបាលរោគ។
លោក អៀង សុធារ៉ា បានគូសបញ្ជាក់ថា កាលណាមនុស្សខ្វះស្បៀង គឺយើងជួយស្បៀង, ខ្វះលំនៅដ្ឋានជួយឲ្យមានលំនៅដ្ឋាន, ខ្វះសម្លៀកបំពាក់ជួយឲ្យមានសម្លៀកបំពាក់ និងពេលឈឺត្រូវមានថ្នាំព្យាបាល ដែលនេះ គឺជា «អមិសទាន»។
ទី២៖ «ធម្មទាន» គឺជាការជួយបង្រៀន, ជួយអប់រំឲ្យល្អ, ជួយផ្ដល់នូវយោបល់ល្អៗ។ ដូច្នេះហើយបានជាក្រុមហ៊ុននីមួយៗ មានទីប្រឹក្សា ដែលផ្ដល់យោបល់ និងបង្ហាញផ្លូវ ធ្វើយ៉ាងម្ដេចឲ្យត្រូវ, ធ្វើយ៉ាងម្ដេចឲ្យរកស៊ីចំណេញ, ធ្វើយ៉ាងម្ដេចឲ្យបានផលច្រើន និងមិនប៉ះពាល់ដល់អ្នកដទៃ ហើយបានសេចក្ដីសុខ។
ទីបី៖ «អភ័យទាន» ឧទាហរណ៍៖ ជាប្រធានក្រុមហ៊ុន អ្នកធ្វើការនៅក្នុងក្រុមហ៊ុន តែងតែមានការខុសដោយប្រការណាមួយ, ក្នុងដំណាក់កាលទី១ដែលខុស យើងជាប្រធានក្រុមហ៊ុន អាចឲ្យអភ័យ ដោយមិនប្រកាន់ទោស ដែលនេះគេហៅថា «អភ័យទាន»។
បន្ថែមពីនោះទៀត លោក អៀង សុធារ៉ា បានលើកឡើងថា ទានទាំងអស់នេះ បើនៅក្នុងព្រះពុទ្ធសាសនា មាន២៖
ទី១៖ យើងឲ្យទាន ដើម្បីទទួលបានមកវិញ នូវសេចក្ដីស្រលាញ់ និងស្រលាញ់គោរព ហើយប្រសិនជាឲ្យទាន រួមជាមួយនឹងការនិយាយស្ដីពិរោះ ឬនោះកាន់តែល្អប្រសើរ
ទី២៖ ទាន ដើម្បីជម្រះនូវសេចក្ដីកំណាញ់របស់ខ្លួន ដោយការបរិច្ចាគ។ ឧទាហរណ៍ថា៖ យើងមានលុយមួយចំនួន ជួយធ្វើផ្លូវ ជីកអណ្ដូង ស្រះទឹក វាមិនរំពឹងថា បានអ្វីមកវិញទេ ប៉ុន្ដែវាជម្រះនូវសេចក្ដីកំណាញ់ នៅក្នុងខ្លួនយើង ដែលនេះ ជាការអប់រំចិត្ដយើងមួយ។
លោក អៀង សុធារ៉ា បានគូសបញ្ជាក់ថា នៅក្នុងទាននេះ មានន័យថា ជាអំណោយជាការឲ្យ ដោយមាន «អមិសទាន», «ធម្មទាន» និង «អភ័យទាន»។
* ចំពោះការអនុវត្ដ ឧទាហរណ៍៖ ប្រធានក្រុមហ៊ុន ឬក៏ប្រធានស្ថាប័ន យើងត្រូវចេះធ្វើទាន ទៅដល់បុគ្គលិករបស់យើង បើបុគ្គលយើងខ្វះអាហារ ខ្វះលំនៅដ្ឋាន ខ្វះសម្ភារៈ ឈឺជាអី យើងត្រូវចេះយកចិត្ដទុកដាក់ និងមើលការខុសត្រូវ។ ហើយទាននេះ ក៏មិនចំពោះតែបុគ្គលិកនោះទេ យើងក៏អាចពង្រីកទាន រហូតដល់ប្រពន្ធ-កូន គាត់ទៀតផងដែរ។
* ចំពោះបុគ្គលិកវិញ គឺត្រូវខិតខំប្រឹងប្រែងធ្វើការ ដើម្បីឆ្លើយតបនូវអ្វី ដែលយើងទទួលបានប្រាក់ខែ។ ត្រង់ចំណុចនេះ បុគ្គលិកមួយចំនួន តែងតែយល់ថា ប្រាក់ខែអត់ឃើញឡើងសោះ អត់បានច្រើនសោះ មេមិនឃើញឡើងឲ្យសោះ ប៉ុន្ដែកុំភ្លេចសួរខ្លួនឯងថា យើងបានធ្វើអ្វីខ្លះ សម្រាប់ក្រុមហ៊ុន និងសម្រាប់ថ្នាក់ដឹកនាំ ហើយបើសិនជាយើងធ្វើអស់ហើយ ប៉ុន្ដែអត់ទទួលបានយុត្ដិធម៌ទៀត ចាំយើងតវ៉ា។
លោក អៀង សុធារ៉ា បានលើកឡើងថា ទានចំពោះក្រុមហ៊ុនមួយ ទៅក្រុមហ៊ុនមួយ ក៏ដូចគ្នាដែល(រ) គឺថា បើក្រុមហ៊ុននោះខ្វះអី ក្រុមហ៊ុនយើងមានអី យើងអាចផ្ដល់យោបល់ឲ្យគាត់ ឬក៏ផ្ដល់សម្ភារៈឲ្យគាត់ ដោយអាចជួយគ្នាទៅវិញទៅមក។
«ទាន» ចំពោះធម្មជាតិ៖ បុគ្គលក៏ដោយ ក្រុមហ៊ុនក៏ដោយ កាលណារកបានមានលុយ មានកាកហើយ គួរតែនាំគ្នាទៅដាំដើមឈើឲ្យបានច្រើន គួរតែធ្វើទឹកឲ្យបានស្អាត កុំឲ្យមានទឹកស្អុយ ឬក៏គួរតែធ្វើអ្វីមួយ សម្រាប់ឲ្យធម្មជាតិ បានប្រសើរឡើយ គឺវាជាទាន សម្រាប់បុគ្គល និងក្រុមហ៊ុន ធ្វើសម្រាប់ធម្មជាតិ ព្រោះថា ធម្មជាតិជាអ្នកទ្រទ្រង់ជីវិតយើង និងក្រុមហ៊ុន។
លោក អៀង សុធារ៉ា បានបញ្ជាក់ថា បើសិនជាមិនបានធ្វើទាននេះ មនុស្ស និងសង្គម អត់មានការស្រលាញ់គ្នានោះទេ ហើយនឹងមានការកាប់ចាក់គ្នា គ្រប់កន្លែងទាំងអស់ ហើយសង្គមនោះ ក៏មិនអាចរស់នៅកើតនោះដែល។
លោកបានពន្យល់ថា រាជរដ្ឋាភិបាល ប្រឹងជួយដល់ប្រជាពលរដ្ឋ លើការសាងសង់ផ្លូវ ដោយខំទៅខ្ចីលុយ និងសុំលុយពីបរទេស ហើយបរទេសមកធ្វើទានឲ្យរដ្ឋយើង ហើយរដ្ឋាភិបាលយកលុយនោះយកមកធ្វើផ្លូវ ដឹកជញ្ជូន ធ្វើជាប្រព័ន្ធ ប្រឡាយទឹក ដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបររកស៊ី ដែលនេះហៅថា រដ្ឋាភិបាលជួយយើង។
លោកបន្ដថា នៅពេលដែលយើងរកស៊ីបានហើយ យើងគេចពន្ធ ដោយយើងមិនបានធ្វើទានជូនទៅរដ្ឋាភិបាល វិញ តាមរយៈពេលពន្ធដារ ដោយនាំគ្នាគេចពន្ធ ដូច្នេះរាជរដ្ឋាភិបាល មានលុយឯណាបម្រើឲ្យស្ថាប័នមួយចំនួន ដែលជាស្ថាប័នចាយលុយ ដូចជាស្ថាប័នកងទ័ព ដើម្បីការពារជាតិ ស្ថាប័នប៉ូលីស ដើម្បីការពារសន្ដិសុខ ស្ថានប័នអប់រំ ដើម្បីអប់រំកូនចៅយើង។
លោក អៀង សុធារ៉ា បានលើកឡើងថា «ទាន» គឺជាសំណាញ់ឲ្យសង្គមទាំងមូល អាចដើរទៅជាមួយគ្នាកើត ហើយប្រសិនជាលក្ខណៈក្រុមហ៊ុនវិញ ប្រធានអត់ចេះធ្វើការ ដោយធ្វើការអត់ឲ្យប្រាក់ខែបុគ្គលិក ដូច្នេះគ្មានអ្នកណាមកធ្វើការឲ្យយើងនោះទេ ហើយក្រុមហ៊ុននោះ ក៏រលាយដូចគ្នាដែល។
លោកបានបន្ថែមទៀតថា «ទាន» នៅពេលដែលយើងធ្វើ គឺទទួលបានផលច្រើនយ៉ាង ពីព្រោះថា ពេលយើងធ្វើទាន ក្នុងនាមជាបុគ្គល គឺធ្វើឲ្យគេគោរពស្រលាញ់ និងធ្វើទានដោយមិនប្រកាន់ខ្លួន ជាអ្នកធំអ្នកតូច និងជាលក្ខណៈស្ថាប័ន គឺធ្វើឲ្យស្ថាប័ននោះ អាចរីកម្រើន ផ្ដល់ប្រយោជន៍ ផ្ដល់សេចក្ដីសុខ និងមានដំណើរវិវត្ដន៍ទៅមុខបានល្អគង់វង្ស ហើយបើគ្មានទេ គឺច្បាស់ជារលាយតែម្ដង៕