(ភ្នំពេញ)៖ ក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងបណ្តាក្រុមហ៊ុនដូចជា ក្រុមហ៊ុន ជីស៊ី ប្រូភើរធី ភីអិលស៊ី, ហាងអែហ្វអ៊ិចកាហ្វេ, ក្រុមហ៊ុន អេអេសអឹមអេស អេស៊ា ឯកទេស, ក្រុមហ៊ុន kV9 Cambodia ,ក្រុមហ៊ុនអាជីវកម្មផ្តាច់មុខពីប្រទេសជប៉ុន ,ភោជនីយដ្ឋាន និងអិនឆាយ ត្រេឌីងកាហ្វេ និងអេហ្វអ៊ិចកាហ្វេ ដើម្បីបង្កលក្ខណៈ ងាយស្រួលក្នុងការផ្តល់ឱកាសការងារធ្វើដល់សិស្ស និស្សិត យុវជនស្ម័គ្រចិត្ត សកម្មជន និងប្រជាពលរដ្ឋ ឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
លើកឡើងនាឱកាសនោះលោកសាស្ត្រាចារ្យ ជឿង គីមជាង ប្រធានក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម បានឱ្យដឹងថា ពិធីចុះអនុស្សារណៈយោគយល់គ្នានាពេលនេះ
ដើម្បីធ្វើការរួបរួមសាមគ្គីភាពគ្នា ប្រមូលផ្តុំជាកម្លាំងតែមួយ ស្មារតីតែមួយ ដើម្បីបុព្វហេតុប្រទេសជាតិ គាំទ្រសកម្មភាពរាជរដ្ឋាភិបាលកម្ពុជា ចូលរួមជួយកិច្ចការងារសង្គម និងបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ឱកាសរកការងារធ្វើ ដល់សិស្សនិស្សិត យុវជនស្ម័គ្រចិត្ត សកម្មជន និងប្រជាពលរដ្ឋ ឱ្យបានកាន់តែទូលំទូលាយ ច្រើនកន្លែង ឆាប់រហ័ស ជាក់លាក់ច្បាស់លាស់ និងប្រសិទ្ធភាពខ្ពស់ ។
លោកសាស្ត្រាចារ្យ ជឿង គីមជាង បានបន្ថែមទៀតថា ពិធីនេះដែរក៏ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនិងបង្កើនការងារជួយដល់ ប្រជាពលរដ្ឋក្នុងស្រុកឱ្យមានការងារធ្វើ កាត់បន្ថយការចំណាកស្រុក ដោយអាចមានអាជីព ជំនាញ វិជ្ជាជីវៈ ច្បាស់លាស់ ពិតប្រាកដមួយអាចជួយខ្លួនឯងបាន ក្រុមគ្រួសារ និងសង្គមជាតិបានផងដែរ។
លោកសាស្ត្រាចារ្យ ជឿង គីមជាង បានបញ្ជាក់ទៀតថា ក្រុមសម្ព័ន្ធយុវជនស្ម័គចិត្តដើម្បីសង្គម បង្កើតឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ ជួយក្នុងការបណ្តុះស្មារតី ដល់យុវជន សហគ្រាស និងប្រជាពលរដ្ឋ ក៏ដូចជាយុវជនស្ម័គ្រចិត្តទាំងអស់ឱ្យមានស្មារតីចែករំលែក តាមរយៈការចូលរួមកម្មវិធីសប្បុរសធម៍ ជួយដល់កុមារកំព្រា កុមារក្រីក្រ ជនចាស់ជរា និងប្រជាពលរដ្ឋទូទៅផងដែរ។ រួមគ្នាកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ អំពើជួយដូរលើកុមារ បញ្ហាគ្រឿងញៀន និងការចូលរួមគោរព ច្បាប់ចររាចរណ៍ ដែលត្រូវផ្តើមចេញពីយុវជន។
ជាមួយគ្នានោះក្រុមសម្ព័ន្ធយុវជនស្ម័គចិត្តដើម្បីសង្គម ក៏បានជួយបណ្តុះបណ្តាលឱ្យយុវជន សិស្ស និស្សិត ឱ្យមានអាជីពជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីងាយ ស្រួលក្នុងការរកការងារធ្វើ និងបានជួយបង្រៀនលើជំនាញវិជ្ជាជីវ: វគ្គខ្លីៗដូចជា៖ វគ្គភាសាបរទេស, វគ្គបច្ចេកវិទ្យាកុំព្យូទ័រ, វគ្គជំនាញស្រាក្រលុកកម្ពុជា គាំទ្រលើវិស័យទេសចរណ៍, វគ្គគ្រប់គ្រងធនធានមនុស្ស, វគ្គរដ្ឋបាល, វគ្គគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ, វគ្គទីផ្សារបណ្តាញអនឡាញ វគ្គសិក្សាពីបំណិនជីវិត ឱ្យមានគោលដៅ ច្បាស់លាស់ និងសីលធម៌រស់នៅល្អ និងជាពិសេសសិក្សាពីវគ្គប្រព័ន្ធសេដ្ឋកិច្ចសកលជាដើម។ ជួយរកមុខរបរឱ្យយុវជន សិស្ស និស្សិត ប្រជាពលរដ្ឋ មានការងារធ្វើបានល្អប្រសើរ ដោយមិនមានការគិតប្រាក់ផងដែរ។
លោកសាស្ត្រាចារ្យ ក៏បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក នួន ផារ័ត្ន រួមទាំងថ្នាក់ដឹកយុវជន និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានរួមចំណែកគាំទ្រក្នុងវិស័យកិច្ចការងារ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងជួយប្រទេសជាតិឱ្យមាន ការអភិវឌ្ឍបន្ថែមទៀតផងដែរ៕