(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋចំនួនពីរភូមិក្នុងសង្កាត់បុស្បូវ ដែលធ្លាប់ជួបការលំបាកក្នុងការធ្វើដំណើរព្រោះស្ពានទ្រុឌទ្រោម និង ផ្លូវមានសភាពមានសភាពយ៉ាប់យ៉ឺនខ្លាំងនោះ ឥឡូវស្ពាន និង ផ្លូវត្រូវបានសាងសង់ជួសជុលឡើងវិញ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ។
ទន្ទឹមនឹងការសម្ពោធសមិទ្ធផលស្ពាន និងផ្លូវនេះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឧត្តរមានជ័យ បានធ្វើពិធីជប់លៀងស្រស់ស្រូបនំបញ្ចុករួមគ្នាជាមួយប្រជាពលរដ្ឋប្រកបដោយភាពស្និទ្ធស្នាល និង រីករាយជាទីបំផុត។
សូមរំលឹកថា អស់រយៈពេលជាច្រើនឆ្នាំហើយ ប្រជាពលរដ្ឋក្នុងភូមិក្រសាំង ភូមិប្រាសាទ សង្កាត់បុស្បូវ ក្រុងសំរោង មានការលំបាកក្នុងការធ្វើដំណើរក៏ដូចជាដឹកកសិផលផ្សេងៗ ដោយសារស្ពានឈើឆ្លងអូរមានសភាពចាស់ទ្រុឌទ្រោម ទីពីរផ្លូវក្រាលគ្រួសក្រហមប្រវែងជាង ១០គី ឡូម៉ែត្រមានការលំបាក។ ដោយមើលឃើញស្ថានភាពបែបនេះ ប្រជាពលរដ្ឋបានស្នើសុំ លោក ស ថាវី មេត្តាជួយដោះស្រាយបញ្ហានេះ។ ក្រោយបានទទួលសំណើពីប្រជាពលរដ្ឋ លោកអភិបាលខេត្ត ក៏បានចុះពិនិត្យផ្ទាល់ និង បានពិភាក្សាជាមួយក្រុមការងារកៀងគរប្រមូលថវិកា ដោយឲ្យមន្ទីរសាធារណការខេត្តជាអ្នកសាងសង់។
ដំណើរការសាងសង់មិនដល់មួយខែ ទាំងស្ពាន និងផ្លូវត្រូវបានធ្វើរួចរាល់ទុកជាចំណងដៃជូនប្រជាពលរដ្ឋ។ ថ្លែងក្នុងឱកាសនោះ លោក សថាវី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
លោក ស ថាវី បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាទេ តែថាហើយ គឺត្រូវតែធ្វើឲ្យបាន ជាក់ស្តែងដូចជាស្ពាន និងផ្លូវនេះ គឺមិនដល់រយៈពេលមួយខែផងគឺត្រូវបានធ្វើរួចរាល់។
ឆ្លៀតក្នុងឱកាសជួបជុំនាព្រឹកមិញនេះ លោក ស ថាវី ក៏បានជំរុញឲ្យប្រជាពលរដ្ឋមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវទៅធ្វើឲ្យបានគ្រប់គ្នា។
ក្នុងពិធីសម្ពោធសមិទ្ធផលលើទឹកដីសមរភូមិប្រយុទ្ធនេះ លោកអភិបាលខេត្ត ក៏បានប្រគល់ឧបករណ៍ភ្លេងបុរាណ្យដល់អ្នកភូមិទុកប្រគំកម្សាន្តក្នុងភូមិផងដែរ។
ប្រជាពលរដ្ឋ បានសំដែងនូវក្តីរំភើបរីករាយខ្លាំង ជាមួយសមិទ្ធិផលថ្មី ដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និង អាជ្ញា ធរមូលដ្ឋានទៅលើសុខទុក្ខរបស់ពួកគេ៕