(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់បទបញ្ជា និងនីតិវិធីនៃគណបក្សខេត្ត បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយនីតិវិធី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ដល់ភ្នាក់ងារសង្ខេតការណ៍គណបក្ស យុវជន មេភូមិ ក្រុមប្រឹក្សាឃុំ មន្រ្តីគណបក្សស្រុក នៅក្នុងមូលដ្ឋានស្រុកមេមត់ ចំនួន៣៨១នាក់ នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២។
លោក ចាយ បូរិន បានកោតសរសើរ និងអរគុណដល់អាជ្ញាធរដែនដី នៅក្នុងមូលដ្ឋានស្រុកមេមត់ ទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាកម្មសាធារណៈជូនបងប្អូនប្រជាជន ក្នុងមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬបក្សពួក ក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ហើយបានអភិវឌ្ឍដោយជោគជ័យលើគ្រប់វិស័យ ក្នុងមូលដ្ឋានភូមិឃុំ របស់ខ្លួនធ្វើឲ្យការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ជាក់ស្តែងគឺជោគជ័យ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាពេលកន្លងមក។
លោកក៏បានធ្វើបទបង្ហាញ ពីនីតិវិធីនិងផ្សព្វផ្សាយនូវឯកសារចាំបាច់មួយចំនួនដែលពាក់ព័ន្ធនឹងការចុះឈ្មោះនឹងការពិនិត្យឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនដល់សមាជិកសមាជិកាចូលរួមទាំងអស់ បានយល់ដឹងអំពីច្បាប់និងបទបញ្ជានីតិវិធីនានារបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីមានមូលដ្ឋានយកទៅអនុវត្តតាមភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែសើរឡើងថែមទៀត។
លោកក៏បានរម្លឹកដល់ភ្នាក់ងារសង្ខេតការណ៌គណបក្ស យុវជន មេភូមិ ក្រុមប្រឹក្សាឃុំ មន្រ្តីគណបក្សស្រុកនៅក្នុងមូលដ្ឋានស្រុកមេមត់ទាំងអស់ត្រូវរួមសាមគ្គីជាធ្លុងមួយ សហការគ្នាអនុវត្តតាមប្រតិទិន (គ.ជ.ប) ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅ អ្នកទើបត្រឡប់ពីសំណាកស្រុក អ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អ្នកដែលកើតមុនឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ អ្នកទើបគ្រប់អាយុ ១៨ឆ្នាំ ឱ្យបានទៅចុះឈ្មោះគ្រប់ៗគ្នាក្នុងកំលុងពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ជាពិសេសការត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មានរយៈពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២២ ហើយបើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតបងប្អូនផ្លោសសិទ្ធក្នុងការបោះឆ្នោត ដូច្នេះប្រជាពលរដ្ឋត្រូវតែបំពេញការតព្វកិច្ចចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និងការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ តាមប្រតិទិនរបស់ គ.ជ.ប៕