(ភ្នំពេញ)៖ ក្នុងឱកាស លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា និង ព្រមទាំងបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ដែលបានរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ, លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News ស្តីពីដំណើរទស្សនកិច្ចរបស់ លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ប្រទេសចិន។
ខាងក្រោមនេះជាកិច្ចសម្ភាសទាំងស្រុងរវាង លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News:
សំណួរទី១៖ ថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់ លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់ប្រទេសចិន បានក្លាយជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ សូម ឯកឧត្តម ជួយបង្ហាញអំពីដំណើរនៃបញ្ហានេះដល់ប្រជាជនកម្ពុជាឱ្យបានលម្អិតផង។
ចម្លើយ៖ នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ កោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ទឹកដីប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ សេចក្តីសម្រេចលេខ ២៧៥៨ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៧១ ត្រូវបានបញ្ជាក់យ៉ាងច្បាស់អំពីការលើកឡើងខាងលើ។ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ១៩៤៩ មក ប្រទេសចំនួន ១៨១ បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនដោយឈរលើគោលការណ៍ចិនតែមួយ។ គោលការណ៍ចិនតែមួយ គឺជាកុងសុងស៊ីសទូទៅនៃសហគមន៍អន្តរជាតិ និង ជាក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។
សហរដ្ឋអាមេរិក បានបង្ហាញពីការសន្យាយ៉ាងច្បាស់ នៅក្នុងសេចក្តីថ្លែងការណ៍ ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាមេរិកថា «សហរដ្ឋអាមេរិកទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន»។ ក្នុងនាមជាផ្នែកដ៏សំខាន់មួយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក សភាសហរដ្ឋអាមេរិកគួរតែគោរពយ៉ាងម៉ឺងម៉ាត់នូវ គោលនយោបាយចិនតែមួយ របស់រដ្ឋាភិបាលខ្លួន និង មិនត្រូវមានទំនាក់ទំនងទៅវិញទៅមកជាផ្លូវការណាមួយ ជាមួយតំបន់កោះតៃវ៉ាន់ប្រទេសចិននោះទេ។
ដោយ មិនខ្វល់ពីការប្រឆាំងជាដាច់ខាត និង ការចរចាជាច្រើនដងច្រើនសារបស់ភាគីចិន តាមការពិតគឺក្រោមការសមគំនិតគ្នានិងរៀបចំដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ប្រទេសចិនដោយលេចជ្រងោ ទង្វើដ៏អាក្រក់នេះបានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន បានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន បានល្មើសយ៉ាងធ្ងន់ធ្ងរលើការសន្យារបស់ភាគីអាមេរិក និង បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រកោះតៃវ៉ាន់ប្រទេសចិន។ ជាការពិតណាស់ ភាគីចិនត្រូវតែធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ គោលជំហររបស់ភាគីចិនគឺយុត្តិធម៌ សមហេតុផល និងស្របច្បាប់ វិធានការមានលក្ខណៈមុតមាំ មានឥទ្ធិពល និងត្រឹមត្រូវ ហើយសមយុទ្ធយោធាមានលក្ខណៈបើកចំហ តម្លាភាព និងជំនាញ សមស្របតាមច្បាប់ក្នុងប្រទេស ស្របតាមច្បាប់អន្តរជាតិ និង ស្របតាមទម្លាប់អន្តរជាតិ គោលបំណងចង់បង្ហាញពីការព្រមានដល់ជនបង្កហេតុ ដាក់ទណ្ឌកម្មដល់កម្លាំង «ឯករាជ្យកោះតៃវ៉ាន់» ហើយទន្ទឹមនឹងនោះក៏ដើម្បីការពារច្បាប់អន្តរជាតិនិងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ជាពិសេសច្បាប់អន្តរជាតិដ៏សំខាន់បំផុតដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលបានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រសិនបើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងត្រូវបានមើលស្រាលនិងបោះបង់ចោល ពិភពលោកនឹង
ត្រឡប់ទៅរកច្បាប់ព្រៃ(The Law of the Jungle)វិញ ហើយសហរដ្ឋអាមេរិកនឹងធ្វើបាបប្រទេសដទៃទៀតដោយប្រើអ្វីដែលគេហៅថាឋានកម្លាំងជាក់ស្តែង កាន់តែព្រហើនមិនខ្វល់ពីអ្វីទាំងអស់ ជាពិសេសប្រទេសទាំងឡាយដូចជាកម្ពុជាជាដើម។ នេះមិនត្រឹមតែជាការប្រឆាំងរបស់ប្រទេសចិនតែមួយប៉ុណ្ណោះទេ តែជាការប្រឆាំងនឹងអនុត្តរភាពនិងជាការប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសទាំងឡាយណា ដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌។
សំណួទី២៖ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាក្នុងឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសក្នុងអាស៊ានចង់ឃើញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ តើជាការបង្ហាញក្នុងន័យមួយទៀតអំពីកង្វល់របស់ប្រទេសក្នុងតំបន់មែនទេ?
ចម្លើយ៖ ក្នុងឱកាសដែល ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន កំពុងតែបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានិងព្រមទាំងបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយយល់ថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិនដែលមិនអាចបំបែកបាន និងបានបង្ហាញថាកម្ពុជាប្រឆាំងដាច់ខាតនូវរាល់ពាក្យសម្តីនិងទង្វើណាមួយដែលរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន នឹងបន្តគាំទ្រភាគីចិនយ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍ស្នូល និងឈរជាមួយប្រជាជនចិនជាង១.៤ពាន់លាននាក់យ៉ាងមុតមាំ។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗយ៉ាងទាន់ពេលវេលា។
បច្ចុប្បន្ននេះ ប្រទេសជាង ១៦០ រួមទាំងប្រទេសកម្ពុជា ក៏ដូចជាអង្គការអន្តរជាតិ អាស៊ាន និងអង្គការក្នុងតំបន់និងពិភពលោកបានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនតែមួយ យល់ស្របនិងគាំទ្រចំពោះគោលជំហរស្របច្បាប់របស់ភាគីចិន។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថា អង្គការសហប្រជាជាតិនឹងបន្តប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចលេខ ២៧៥៨ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ ស្នូលគឺគោលការណ៍ចិនតែមួយ មានន័យថាមានចិនតែមួយនៅលើពិភពលោក រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមា-និតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយកោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។ នេះជាសម្លេងនៃយុត្តិធម៌របស់សហគមន៍អន្តរជាតិ។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានដែលទើបតែរៀបចំឡើង ភាគីទាំងអស់យល់ថា ការគាំទ្រគ្នាទៅវិញទៅមកដើម្បីការពារផលប្រយោជន៍ស្នូល គឺជាអត្ថន័យដ៏ត្រឹមត្រូវនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន។ ភាគីចិនរីករាយសហការជាមួយបណ្តាប្រទេសក្នុងអាស៊ាន ការពារមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងដែលជាក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ការពារយុត្តិធម៌សច្ចធម៌អន្តរជាតិ និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃតំបន់ដែលបានមកដោយលំបាកឱ្យបាន។
សំណួរទី៣៖ យើងខ្ញុំសង្កេតឃើញថា រដ្ឋាភិបាលចិនបានប្រកាសដាក់ទណ្ឌកម្មលើ លោកស្រី Pelosi និងបានចាត់វិធានការប្រឆាំងនឹងសហរដ្ឋអាមេរិក។ កងទ័ពរំដោះប្រជាជនចិនក៏កំពុងធ្វើសកម្មភាពយោធារួមគ្នានៅជុំវិញកោះតៃវ៉ាន់ប្រទេសចិនផងដែរ។ លោកខាងលិចអំពាវនាវឱ្យចិនរក្សាភាពស្ងប់ស្ងាត់និងអត់ធ្មត់ និង មិនផ្លាស់ប្តូរស្ថានភាពដើម។ តើភាគីចិនមានយោបល់យ៉ាងណាដែរ?
ចម្លើយ៖ ប្រទេសចិនមានតែមួយ តំបន់ទាំងពីរដែលខណ្ឌដោយសមុទ្រក៏នៅតែជាប្រទេសតែមួយ ដែលនេះជាស្ថានភាពរបស់តំបន់កោះតៃវ៉ាន់ដែលមានតាំងពីបុរាណកាលមក។ សេចក្តីថ្លែងការណ៍ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយកោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន។ វាគឺជាស្ថានភាពដើមនៃច្រកសមុទ្រតំបន់កោះតៃវ៉ាន់ប្រទេសចិនដែលមិនអាចកែប្រែអស់រយៈពេលរាប់សិបឆ្នាំ។ ប៉ុន្តែស្ថានភាពដើមនេះត្រូវបានបំពាននិងឈ្លានពានមួយជំហានម្តងៗដោយសហរដ្ឋអាមេរិកកម្លាំងផ្តាច់ខ្លួនកោះតៃវ៉ាន់ប្រទេសចិន។ ក្នុងឆ្នាំ ២០០០ ភាគីអាមេរិកបានដាក់អ្វីដែលគេហៅថា «ច្បាប់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ប្រទេសចិន» ដែលត្រូវបានអនុម័ត ដោយឯកតោភាគីមុននឹង
សេចក្តីថ្លែងការណ៍រួមរវាងចិន-អាមេរិកចំនួនបី។ ប៉ុន្មានឆ្នាំមុន ភាគី អាមេរិក បាន ដាក់ បញ្ចូល អ្វីដែលគេហៅថា «ការធានា៦ចំណុចចំពោះកោះតៃវ៉ាន់ប្រទេសចិន » ពេល ពន្យល់ ជំហរ របស់ សហរដ្ឋអាមេរិក ពាក់ព័ន្ធ នឹង គោលនយោបាយចិនតែមួយ។ ក្រោយពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ(Democratic Progressive Party)ឡើងកាន់អំណាច បានបន្តជំរុញ «ឯករាជ្យកោះតៃវ៉ាន់ជាបន្តបន្ទាប់" អនុវត្ត «De-Sinicization» និងបង្កើត «ប្រទេសចិនពីរ» និង «ចិនមួយ តៃវ៉ាន់មួយ» នៅក្នុងបណ្ដាស្ថានភាព។ តើពួកគេ មិន មែន កំពុងព្យាយាមផ្លាស់ប្តូរស្ថានភាពចិនតែមួយទេ? មិនថាពួកគេតស៊ូបង្កបញ្ហាឬបកស្រាយយ៉ាងណា នៅតែមិនអាចកែប្រែការពិតនិងស្ថានភាពដើមជាមូលដ្ឋានថា កោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិននោះទេ។
ការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី គឺជាឆន្ទៈដ៏មុតមាំរបស់ប្រជាជនចិន ជាង១.៤ពាន់លាននាក់ ហើយការបង្រួបបង្រួមប្រទេសជាតិដោយពេញលេញ គឺជាសេចក្តីប្រាថ្នារួមនិងកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ប្រជាជននិងកូនចៅចិនគ្រប់ៗរូប។ ប្រទេសណាមួយ កម្លាំងណាមួយ ឬជនណាម្នាក់ សុទ្ធតែមិន គួរវាយតម្លៃខុសលើរដ្ឋាភិបាលចិន និងវាយតម្លៃខុសលើការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មុះមុត កម្លាំងដ៏ ខ្លាំងក្លាក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ការសម្រេចបាននូវការបង្រួបបង្រួមជាតិ និងការស្តារប្រជាជាតិឡើងវិញរបស់ប្រជាពលរដ្ឋចិនបានឡើយ។ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ជាអ្នកបង្កហេតុមុនគេ ភាគីចិនចាត់វិធានការចាំបាច់ទាំងឡាយក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ គឺជាការសមហេតុផល ហើយផលវិបាកទាំងឡាយដែលបង្កឡើងគឺសហរដ្ឋអាមេរិក និងកម្លាំងផ្តាច់ខ្លួន «ឯករាជ្យកោះតៃវ៉ាន់» ជាអ្នកទទួលខុសត្រូវទាំងស្រុង៕