(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ស្ថាបត្យករអាជីព សិស្ស និស្សិតស្ថាបត្យកម្មខ្មែរ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ពីការចូលរួមប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញ-ចូល នៃពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលរៀបចំធ្វើឡើងរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។
ពិធីនេះនឹងប្រារព្ធនៅទីលានតេជោ (ពយតាមូង) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការហែរក្បួនព្យុះហយាត្រា ការសម្ដែងទស្សនីយភាពសិល្បៈជាតិ អន្តរជាតិ ការប្រគំតន្ត្រី ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ និងការប្រកួតកីឡាលើទឹក លើឆ្នេរខ្សាច់ជាដើម។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា ដើម្បីជាការសម្គាល់ទីតាំងប្រារព្ធពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំសាងសង់ក្លោងទ្វារចំនួន ២ទីតាំង នៅដើមផ្លូវ និងចុងផ្លូវ។
ដើម្បីឱ្យមានការចូលរួមពីមហាជនដែលមានគំនិតច្នៃប្រឌិត និងទេពកោសល្យក្នុងការរចនាប្លង់ក្លោងទ្វារច្រកចេញ ចូល ពិធីបុណ្យសមុទ្រលើកទី៩នេះ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចរៀបចំឱ្យមានការចូលរួម ប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញចូល ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ចំនួន២ទីតាំង។
លក្ខខណ្ឌ នៃការប្រឡងប្រណាំងស្នាដៃនេះ បេក្ខជន បេក្ខនារី ឬក្រុមការងារ ត្រូវអនុវត្តដូចខាងក្រោម៖
*ទី១៖ រចនាបទប្លង់ក្លោងទ្វារត្រូវបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ មានទំហំក្លោងទ្វារទទឹង ១៦ម៉ែត្រ កំពស់ ១២ម៉ែត្រ និងរំលេចដោយគំនិតឆ្នៃប្រឌិតឆ្លុះបញ្ចាំងពីធនធានសមុទ្រ ជីវចម្រុះ និងការអភិវឌ្ឍខេត្តព្រះសីហនុ លំអដោយភ្លើងរចនាតាមលក្ខណៈទំនើប និងសាមញ្ញ ដោយមានខ្លឹមសារបញ្ជាក់អំពីអត្ថន័យនៃគំរូក្លោងទ្វារនេះ។
*ទី២៖ ក្រោយពីបេក្ខជន បេក្ខនារី ឬក្រុមការងារ រចនាប្លង់ក្លោងទ្វារច្រកចេញ ចូល ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុរួចរាល់ សូមយកស្នាដៃគំរូរចនាប្លង់ក្លោងទ្វារមកដាក់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ (លោក ហង្ស ភិរក្ស លេខទូរស័ព្ទ ០១២ ៥០៥ ១៦៨) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦:៣០ នាទីរសៀល។ ចំពោះលទ្ធផលរដ្ឋបាលខេត្តព្រះសីហនុនឹងជូនដំណឹងនៅពេលក្រោយ និងលិខិតបញ្ជាក់អំពីស្នាដៃ។
*ទី៣៖ បេក្ខជន បេក្ខនារី ឬក្រុមដែលទទួលបានជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្តដែលចេញដោយរដ្ឋបាលខេត្តព្រះសីហនុ។
អាស្រ័យហេតុនេះសូម លោក លោកស្រីជាស្ថាបត្យករអាជីព សិស្ស និស្សិតស្ថាបត្យកម្មខ្មែរទាំងឡាយណា ដែលមានបំណងបញ្ចេញស្នាដៃប្រឡងប្រណាំងលើការរចនាប្លង់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនក្លោងទ្វារច្រកចេញ ចូល ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សូមចាប់ផ្តើមរចនាប្លង់ប្រកបដោយគំនិតច្នៃប្រឌិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕