(ភ្នំពេញ)៖ យុវជនម្នាក់ ត្រូវបាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីជននេះ ជិះម៉ូតូឌុបរក្សាទុកគ្រឿងញៀន១១កញ្ចប់ នៅនឹងខ្លួន ដើម្បីយកទៅធ្វើសកម្មភាពជួញដូរដោយខុសច្បាប់ ក៍ត្រូវសមត្ថកិច្ចរកឃើញ។
ក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៦នេះ នៅត្រង់ ចំណុចក្បែរវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោចង្វារ ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ អធិការរងទទួលផែនយុត្តិធម៌ខណ្ឌ ជ្រោយចង្វារ បានបញ្ជាក់ថា ជនត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះ ប៊ែល ផល្លី ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិទួលអំពិល ឃុំស្រឡៅ ស្រុកបារ៉ាយ ខេត្តកំពង់ធំ។
លោក ឯក សេរីវុធ បានបន្តថា ក្នុងការឃាត់ខ្លួនជនត្រូវ សង្ស័យខាងលើនេះដែរ គឺជាករណីឃាត់ខ្លួនជាក់ស្ដែង ដោយកម្លាំងនគរបាលមូលដ្ឋាន បានដាក់ការសង្ស័យទៅលើយុវជនរូបនេះកំពុងជិះម៉ូតូឌុប តាមបណ្ដោយផ្លូវជាតិលេខ៦ ក៍ឃាត់ធ្វើការត្រួតពិនិត្យបានរកឃើញថ្នាំញៀន ចំនួន១១កញ្ចប់ សង្ស័យជាម៉ាទឹកកកដែលជនត្រូវសង្ស័យបានរក្សាទុកធ្វើសកម្មភាពជួញដូរ។
លោក ឯក សេរីវុធ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ជនត្រូវ សង្ស័យរួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះ អាសន្នដើម្បីបន្តនិតិវិធីស្រាវជ្រាវបន្ថែម និងបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕