(ភ្នំពេញ)៖ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រភិភូធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដើម្បីស្វែងយល់បន្ថែម ខណៈវិទ្យាស្ថាននេះបាន និងកំពុងអនុវត្តកម្មវិធីសិក្សាសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអគ្គិសនី ដែលកំពុងមានតម្រូវការខ្លាំងពីពិភពឧស្សាហកម្ម ដែលកម្មវិធីសិក្សានេះត្រូវបានបង្កើតឡើងដោយJICA តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចដ៏កម្ររបស់លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា មកកាន់វិទ្យាស្ថាន ស្របពេលមកបំពេញភារកិច្ចក្នុងប្រទេសកម្ពុជា។
លោក យ៉ោក សុទ្ធី បានបញ្ជាក់ទៅកាន់គណៈប្រតិភូទៀតថា ជាង២ទស្សវត្សមកហើយ វិទ្យាស្ថានបានបណ្តុះបណ្តាលនិស្សិតជាងមួយម៉ឺននាក់ លើជំនាញវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ព័ត៌មានវិទ្យា ស្ថាបត្យកម្ម ម៉ាស៊ីនត្រជាក់ និងបរិក្ខាត្រជាក់។ ចំនួននិស្សិតសិក្សាសម្រាប់ឆ្នាំ២០២២ មានប្រមាណជាង៤ពាន់នាក់ ចាប់ថ្នាក់វិញ្ញាបនបត្រដល់ថ្នាក់អនុបណ្ឌិត។
បេសកម្មមួយទៀតរបស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស គឺការបណ្តុះបណ្តាលជំនាញគរុកោសល្យដល់គ្រូចូលថ្មី ហើយដែលត្រូវបានឧទ្ទេសនាមឱ្យទៅបំពេញ ការងារនៅតាមមជ្ឈមណ្ឌល វិទ្យាស្ថានពហុបច្ចេកទេសនានានៅតាមបណ្តាខេត្តទូទាំងប្រទេស។
លោក យ៉ោក សុទ្ធី បានលើកឡើងទៀតថា ប្រទេសកម្ពុជា និងជប៉ុន មានប្រវត្តិមិត្តភាពដ៏យូរលង់ ហើយប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនានា និងបានបង្ហាញភាពជឿជាក់ និងសារទរយ៉ាងកក់ក្តៅដែលបានធ្វើការរួមគ្នាជាមួយភាគីជប៉ុន តាមរយៈអង្គការJICA និងស្ថាប័នផ្សេងៗទៀតរបស់ជប៉ុន។
លោកបានបញ្ជាក់ទៀតថា វិទ្យាស្ថានបានបញ្ជូនមន្ត្រី សាស្ត្រាចារ្យ និងនិស្សិតទៅសិក្សា និងតាមរយៈកម្មវិធីបម្លាស់ប្តូរបទពិសោធន៍នៅប្រទេសជប៉ុន និងតាមអនឡាញ ក្នុងនោះសាស្ត្រាចារ្យ៤រូប បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ ណាហ្គោយ៉ា និងកូបបិ ចន្លោះឆ្នាំ២០១២ និង ២០២១ មន្ត្រី១១រូប តាមរយៈកម្មវិធី បណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ចន្លោះឆ្នាំ២០០៧ និង ២០២១ និស្សិត ០៣រូប បានចូលរួម JENESYS 2018 និងអ្នកស្ម័គ្រចិត្តជប៉ុន ០២ រូបមកវិទ្យាស្ថានក្នុងឆ្នាំ ២០០៧ និង ២០១១។
លោក យ៉ោក សុទ្ធី បានបន្ថែមទៀតថា វត្តមាន និងការចូលរួមផ្ទាល់របស់ JICA ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅប្រទេសកម្ពុជា ជាពិសេសវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស និងវិទ្យាស្ថានពហុបច្ចេកទេសចំនួន០២ទៀត បានបង្ហាញនូវការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដោយបានផលិតនូវអ្នកបច្ចេកទេសប្រកដោយសមត្ថភាពផងដែរ។
ចំនុចគន្លឹះ គឺការចូលរួមរបស់អ្នកឯកទេសស្ម័គ្រចិត្តដោយផ្ទាល់ក្នុងការអភិវឌ្ឍវឌ្ឍនភាពកម្មវិធីសិក្សា និងការបំពាក់នូវធនធានសម្ភារមួយចំនួននៅតាមមន្ទីរពិសោធន៍ និងរោងជាង ដោយបានបង្កបង្កើតភាពប្រសើរក្នុងការសិក្សារបស់និស្សិតដោយទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរ។
ដោយមានតម្រូវការអភិវឌ្ឍន៍បន្តទៀតលោក យ៉ោក សុទ្ធី ក៏បានបង្ហាញក្តីសង្ឃឹមថា JICA នឹងបន្តការគាំទ្ររហូតដល់ការធ្វើសមាហរណកម្មកម្មវិធីសិក្សា ចូលទៅក្នុងកញ្ចប់កម្មវិធីសិក្សាថ្នាក់ជាតិបន្តទៀតផងដែរ៕