(ភ្នំពេញ)៖ «យើងត្រូវមានមោទនភាពចំពោះទម្រង់សិល្បៈដែលខ្លួនយើងមាន និងឱ្យតម្លៃអ្វីដែលយើងបានខិតខំបង្កើត និងកសាងបាន»។ នេះជាការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសិល្បៈ សិល្បករ សិល្បការិនី នៃសិល្បៈទាំង ៧ទម្រង់ នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ។
លោកបានថ្លែងបន្តថា ជារួម តម្លៃរបស់សិល្បៈវប្បធម៌មានទិដ្ឋភាព ០៤ សំខាន់ៗដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖
*(១). សោភ័ណភាព ដែលសំដៅលើទឹកដៃគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ កវីនិពន្ធ
*(២). ខ្លឹមសារ ដែល សំដៅលើអត្ថន័យគុណធម៌ សីលធម៌ គតិធម៌ និងឧត្តមគតិដែលមានមូលដ្ឋានក្នុងព្រលឹង និងអត្តសញ្ញាណជាតិ
*(៣). ការបង្ហាញ ដែលសំដៅលើការបង្ហាញអត្តសញ្ញាណមួយដែលពិតប្រាកដ និងមានប្រវត្តិសាវតារត្រឹមត្រូវ
*និង(៤). ចំណង់ចំណូលចិត្ត ដែលសំដៅទៅដល់ការទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីមហាជន។
លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា នៅក្នុងរបត់សាកលភាវូបនីយកម្មដូចពេលបច្ចុប្បន្ន តែងមានការផ្សារភ្ជាប់គ្នា និងការចែករំលែកគ្នាទៅវិញទៅមក ដែលធ្វើឱ្យមានទាំងការអភិរក្សវប្បធម៌ និងការអភិវឌ្ឍវប្បធម៌។ ដូចនេះ យើងមិនអាចនៅស្ងៀមនឹងថ្កល់នោះទេ គឺយើងត្រូវតែធ្វើដំណើរទៅមុខស្របជាមួយនឹងការវិវឌ្ឍនៃសង្គមជាតិ និងដោយចាំបាច់ត្រូវថែរក្សាជានិច្ចនូវអត្តសញ្ញាណវប្បធម៌របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ ជាអាទិ៍ (១). សាសនា (២). ភាសា (៣). តួអក្សរខ្មែរ (៤). អក្សរសិល្ប៍ និង (៥). ទំនៀមទម្លាប់ ដែលយើងត្រូវបន្តថែរក្សាកុំឱ្យមានការបាត់បង់ ទោះបីស្ថិតនៅក្នុងការអភិវឌ្ឍយ៉ាងណាក៏ដោយ។
លោកបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាស និងសិទ្ធសេរីភាពដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិល្បករ សិល្បការិនីគ្រប់ទម្រង់ ក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបទពិសោធន៍តាមរយៈការចេញទៅសិក្សានៅបរទេស និងការចេញទៅសម្តែងនៅតាមបណ្តាប្រទេសនានាជាច្រើនលើសកលលោក ជាដើម។ ជាមួយនេះ រាជរដ្ឋាភិបាលក៏បានរៀបចំកសាងបរិស្ថានអនុគ្រោះទាំងឡាយ ដែលរួមទាំងមូលដ្ឋានបទដ្ឋានគតិយុត្តក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈ និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍរីកចម្រើន តាមរយៈការធានានូវសិទ្ធិសេរីភាពរបស់សិល្បករ សិល្បការិនីក្នុងការផលិត និងបង្កើតច្នៃប្រឌិតស្នាដៃថ្មីៗឱ្យកាន់តែមានភាពទាក់ទាញ និងរស់រវើកប្រសើរឡើង។
ក្នុងន័យនេះ កូនខ្មែរគ្រប់ជំនាន់តទៅមុខ មានតួនាទី និងភារកិច្ចសំខាន់ដើម្បីបន្តថែរក្សា និងអភិរក្សកេរដំណែលសិល្បៈវប្បធម៌ពីដូនតាយើង ហើយក៏ត្រូវខិតខំរិះរកច្នៃប្រឌិតអភិវឌ្ឍស្នាដៃបន្ថែមទៀតឱ្យកានតែរីកចម្រើនលូតលាស់ឥតឈប់ឈរ។
ក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ជំនួយការ សាស្ត្រាចារ្យ សិល្បករ សិល្បការិនីទាំងអស់សម្រាប់ការរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីដ៏មានអត្ថន័យនេះ និងសូមអរគុណចំពោះវីរសិល្បករ សិល្បការិនី សាស្ត្រាចារ្យ កវីនិពន្ធ តន្ត្រីករ ពន្លកសិល្បករ សិល្បការិនីបន្តវេន និងតារាសម្តែងទាំងអស់ ដែលបានខិតខំថែរក្សាអភិវក្សកេរដំណែលសិល្បៈវប្បធម៌ខ្មែរ និងបានបន្តអភិវឌ្ឍស្នាដៃឱ្យបានកាន់តែខ្ពស់ឡើងទៅមុខបន្ថែមទៀត សំដៅចូលរួមចំណែកកសាងសង្គមជាតិមួយដែលប្រកបដោយភាពសុខដុមរមនា សុភមង្គល និងសុខសន្តិភាព៕