(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្ដែងនូវការកោតសរសើថា ក្នុងពេលបច្ចុប្បន្ន វិស័យកីឡារបស់កម្ពុជា កំពុងមានការរីកចម្រើនគួរកត់សម្គាល់ ស្ទើរគ្រប់ផ្នែក។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកទី២ ឆ្នាំ២០១៦ នាទីលានបាល់ទាត់ Real Soccer Sport Club ជិតរង្វង់មូល ខាំកូស៊ីធី។
ក្នុងឱកាសនេះផងដែរ លោក អ៉ិត សំហេង ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ថា «បើពិនិត្យមើលទៅពិភពលោក យើងឃើញថា វិស័យបាល់ទាត់ ពិតជាមានការរីកចម្រើនខ្លាំងក្លា បើប្រៀបធៀបនឹងវិស័យផ្សេងៗ ដោយឡែក នៅកម្ពុជា មួយរយៈកាលកន្លងមកនេះ ឃើញថាមានការរីកចម្រើនខ្លាំងណាស់ដែរ ស្ទើរគ្រប់ផ្នែក ដោយសារមានព្រឹត្តការណ៍ប្រកួតជាលក្ខណៈអន្តរជាតិម្ដងៗ បងប្អូនកីឡាកររបស់យើង តែងតែចូលរួមខំប្រឹងប្រកួត ប្រកបដោយបច្ចេកទេស និងទេពកោសល្យខ្ពស់ ទើបនាំឱ្យកម្ពុជាទទួលបានជ័យជំនះក្នុងការប្រកួត ជាក់ស្ដែង ដូចជាកីឡាការិនី ស៊ន សៀវម៉ី, កីឡាការិនី កែ ឡេង ក៏ដូចជាក្រុមបាល់ទាត់ Cambodia All Star ដែលបានយកឈ្នះក្រុមថៃ បុរីរាំ ជាដើម នាពេលកន្លងមកនេះដែរ»។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានលើកបង្ហាញនូវអនុសាសន៍មួយចំនួន រួមមាន៖ ១. ត្រូវមានសាមគ្គីភាព ឯកភាពគ្នា និងយោគយល់គ្នា ក្នុងពេលប្រកួត ២. ប្រកាន់ខ្ជាប់នូវវិន័យ និងបទបញ្ជា ៣. ត្រូវពិភាក្សា និងពិគ្រោះយោបល់គ្នា រវាងគូប្រកួតនីមួយៗ ឱ្យបានស្រុះស្រួល ក្នុងករណីមានការលើកពេលប្រកួត ការផ្លាស់ប្ដូរកីឡាករ ឬមានសំណើផ្សេងៗ ៤. គណៈកម្មការរៀបចំការប្រកួត ត្រូវរៀបចំឱ្យមានតម្លាភាព ក្នុងការប្រកួត ជៀសវាងការកើតមានបបាតុភាពផ្សេងៗ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ក្រសួងការងារ ក៏បានរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកទី១ ដោយមានការចូលរួមពីក្រុមបាល់ទាត់ ចំនួន១០ក្រុម ដោយឡែក នៅឆ្នាំ២០១៦នេះ ការចូលរួមមានដល់ទៅ ចំនួន១៣ក្រុម ដែលមកពីនាយកដ្ឋាននានា នៃក្រសួងការងារ៕