(ភ្នំពេញ)៖ សៀវភៅ «ឯកអគ្គរាជទូត» ដែលចងក្រងដោយ លោកបណ្ឌិត តាំង សុខងី នឹងក្លាយជាឯកសារជំនួយស្មារតីដល់អ្នកអាន សម្រាប់សិក្សាឈ្វេងយល់អំពីវិស័យការទូតឱ្យបានកាន់តែទូលំទូលាយក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
ក្នុងទិសដៅរួមចំណែកផ្តល់នូវចំណេះវិជ្ជា និងស្របតាមការចង់បានពីនិស្សិត ពីមិត្តអ្នកអាន និងពីមន្ត្រីរាជការពាក់ព័ន្ធផងនោះ លោកបណ្ឌិត តាំង សុខងី បានសាស្ត្រាចារ្យនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប(AEU) ដែរនោះ បានខិតខំស្រាវជ្រាវ ចងក្រង និពន្ធសៀវភៅ «ឯកអគ្គរាជទូត» (Ambassador) នេះឡើង ដើម្បីទុកជាស្នាដៃនិងជាឯកសារជំនួយស្មារតីសម្រាប់សិក្សាឈ្វេងយល់អំពីវិស័យការទូតឱ្យបានកាន់ត ទូលំទូលាយក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
លោកបានលើកឡើងថា ឆ្លងតាមបទពិសោធជាក់ស្ដែង ក្នុងនាមមន្ត្រីការទូតដែលមានសមត្ថភាពប្រកបដោយវិជ្ជាជីវៈខ្ពស់ ត្រូវមានកត្តា២ជាចាំបាច់៖ ទី១៖ ត្រូវស្គាល់ខ្លួនយើងឱ្យបានច្បាស់ជាមុន ថាតើខ្លួនយើងគឺជា នណា? និងទី២៖ ត្រូវដឹងនីតិវិធីនិងមានចំណេះវិជ្ជាខាងផ្នែកច្បាប់(ទំនាក់ទំនងអន្តរជាតិ) និងភាសាអង់គ្លេសជាអាទិភាព។
នៅក្នុងន័យនេះ សៀវភៅ «ឯកអគ្គរាជទូត» នឹងផ្តល់ជូននិស្សិត មិត្តអ្នកអាន និងមន្ត្រីពាក់ព័ន្ធនានា បានស្គាល់ និងបានដឹងពី៖
* ទី១-ស្ថាប័នប្រមុខការទូតកម្ពុជា និងប្រមុខការទូតកម្ពុជាទាំង៣៤រូប
* ទី២-ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស និងការតែងតាំងឯកអគ្គរាជទូត
* ទី៣-ស្ថានតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការតំបន់ និងអង្គការអន្តរជាតិ
* ទី៤-ការតែងតាំងតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការតំបន់ និងអង្គការអន្តរជាតិ
* ទី៥-មុខងារនិងភារកិច្ចរបស់បេសកកម្មការទូត មន្ត្រីការទូត និងពិធីការការទូត »
* ទី៦-បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ (ការទូត អាស៊ាន និងអង្គការសហប្រជាជាតិ)
* និងទី៧-ពាក្យគន្លឹះការទូត ការទូតសេដ្ឋកិច្ច សិទ្ធិជ្រកកោនការទូត និងបត្យាប័ន។
សូមបញ្ជាក់ថា សៀវភៅ «ឯកអគ្គរាជទូត» នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នេះ ត្រូវបានផ្តល់ជូនជាអំណោយសម្រាប់ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចំនួន១០ក្បាលផងដែរ៕