(ភ្នំពេញ)៖ ខណៈចុះសម្ពោធសមិទ្ធផលមួយចំនួនក្នុងវត្តពាមមេត្រី នៅខេត្តកំពង់ធំ នៅព្រឹកមិញនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ បានរិះគន់ការឃោសនារបស់អ្នកនយោបាយប្រឆាំង។ លោកអះអាងថា ប្រជាជនកម្ពុជា នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយមិនព្រមជឿលុងនឹងការបំភ្លើស របស់អ្នកនយោបាយទាំងនោះទេ។
ការបង្ហើបអំពីរឿងនយោបាយ ដោយលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ គឺឆ្លើយតបទៅនឹង អ្នកនយោបាយប្រឆាំង ដែលបានវាយប្រហារលើ គណបក្សប្រជាជនកន្លងមក ហើយស្របពេលដែលសាធារណជនជាច្រើន កំពុងចាប់អារម្មណ៍ជុំវិញស្ថានភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា នាគ្រាដែល លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង កំពុងប្រឈមទៅនឹងផ្លូវច្បាប់ បន្ទាប់ពីបដិសេធមិនចូលខ្លួន តាមការកោះហៅរបស់តុលាការ ចំនួន២លើក។
លោក ថោង ខុន បានសង្កត់ធ្ងន់ថា ច្បាស់ហើយអ្នកនយោបាយមួយចំនួន ដោយមហិច្ចិតា កាន់កាប់អំណាចរបស់ពួកគេ គេមិនខ្លាចនឹងនិយាយអ្វីដែលមិនពិត ដើម្បីបោកប្រាស់ប្រជាជនកម្ពុជា។ ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើនមិនលុងជឿ តាមពាក្យសំដីឃោសនាបំភ្លើស របស់ក្រុមគេនោះឡើយ។ ដូច្នេះហើយទើបប្រជាជនកម្ពុជា នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសគ្រប់អាណាត្តិ និងជាបន្តបន្ទាប់ទៀត។
លោក ថោង ខុន បានរម្លឹកឡើងវិញអំពីគុណបំណាច់នៃ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជា បានរស់រានមានជីវិតឡើងវិញពីរបបប៉ុលពត ហើយថាអ្វីៗដែលមានសព្វថ្ងៃនេះរួមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ រួមទាំងជីវិតរបស់ប្រជាជនកម្ពុជា គឺបានរីកចំរើន និងរស់ឡើងវិញដោយសារថ្ងៃ៧មករា និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយសច្ចៈភាពនេះមិនអាចបំភ្លៃបានឡើយ ពិសេសពុទ្ធបរិស័ទ និងពុទ្ធសាសនិកជនទាំងអស់ ត្រូវទទួលស្គាល់ការពិត ការពារសច្ចធម៌នៃប្រវត្តិសាស្រ្ត កុំបំភ្លៃការពិត កុំមុសា។
លោកក៏បានអំពាវនាវជាថ្មីទៀត ដល់ប្រជាជនកម្ពុជាគ្រប់រូប បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេច តេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រីឲ្យដឹកនាំប្រទេសបន្តទៀត ព្រោះថាមានសម្តេចតេជោ ហ៊ុន សែន គឺមានសន្តិភាព មានសម្តេចតេជោ ហ៊ុន សែន គឹមានការអភិវឌ្ឍន៍៕