(ស្វាយរៀង)៖ លោក ឯក សាម៉ុល ស្នងការកម្មវិធីយុវជនកាយរីទ្ធិជាតិកម្ពុជាខេត្តស្វាយរៀង តំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក យស់ ពៅ មេកងឯកភាពកាយឫទ្ធិវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានធ្វើពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់យុវជនកាយរឹទ្ធិ កងឯកភាពវិទ្យាល័យស្វាយរៀងចំនួន១២០នាក់ ស្រី៦១នាក់។
ពិធីនេះមានការចូលរួមពីគណៈកម្មាធិការយុវជនកាយរីទ្ធិថ្នាក់ខេត្ត និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យស្វាយរៀងជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីនេះលោក យស់ ពៅ មេកងឯកភាពកាយរីទ្ធិវិទ្យាល័យស្វាយរៀង បានថ្លែងនូវអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលជាគណៈកម្មាធិការយុវជនកាយរឹទ្ធិថ្នាក់ខេត្ត ព្រមទាំងសិស្សានុសិស្សដែលជាសមាជិកកាយរិទ្ធទាំងអស់ ដែលបានធ្វើពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងនៅថ្ងៃនេះ គឺបានលះបង់យ៉ាងធំធេង សម្រាប់ការងារមនុស្សធម៌ ពិសេសក្មួយៗត្រូវចាំថា ចលនាកាយរីទ្ធិគឺរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជនឲ្យមានសក្តានុពលពេញលេញ ខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអាវេគភាព (គ្រប់គ្រងអារម្មណ៍) ដើម្បីឲ្យក្លាយទៅជាពលរដ្ឋមានទំនួលខុសត្រូវនឹងទៅជាសមាជិកសហគមន៍តាមមូលដ្ឋានរស់នៅក្នុងសហគមន៍ជាតិនិងអន្តរជាតិ។
លោកគ្រូ យស់ ពៅ បានបញ្ជាក់ថា យុវជនកាយរីទ្ធិគឺដើរតួរយ៉ាងសំខាន់នៅក្នុងសាលារៀន ក្នុងសង្គមនឹង ក្លាយជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជានិងស្តាប់បង្គាប់មាតាបិតា គោរពលោកគ្រូអ្នកគ្រូ និងបទបញ្ជាវិន័យរបស់សាលាឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាកុមារ៣ល្អគឺសិស្សល្អ កូនល្អ មិត្តល្អ នឹងមិនត្រូវយកតួនាទីជាកាយរឹទ្ធិ ប្រព្រឹត្តអំពើដែលខុសច្បាប់នោះឡើយ។
នៅក្នុងឱកាសនោះ លោក ឯក សាម៉ុល ស្នងការកម្មវិធីយុវជនកាយរីទ្ធិជាតិកម្ពុជាខេត្តស្វាយរៀង បានថ្លែងផ្តាំផ្ញើរដល់ក្មួយៗជាយុវជនកាយរីទ្ធិកងឯកភាពវិទ្យាល័យស្វាយរៀងត្រូវគោរពច្បាប់កាយរិទ្ធទាំង១០ ប្រការនិងអនុវត្តន៍តាមពាក្យសច្ចាប្រណិធានរបស់កាយរីទ្ធិឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវអនុវត្តទៅតាមពាក្យស្លោករបស់កាយរីទ្ធ គឺធ្វើអំពើល្អឲ្យបាន១ក្នុង១ថ្ងៃយ៉ាងតិច។
លោកបានបន្តថា ក្មួយៗត្រូវចាំថា កាយរឹទ្ធិកាយ, កាយគឺកាយសម្បទានិងរឹទ្ធិគឺអំណាច ដូច្នេះសូមក្មួយត្រូវថែរក្សាសុខភាពឱ្យបានល្អ ហើយយុវជនកាយរឹទ្ធិត្រូវប្រកបដោយឆន្ទះនិងលើកស្ទួយតំលៃរបស់យុវជន ព្រោះក្មួយៗជាសរសរទ្រូងនៃប្រទេសជាតិប្រកបដោយចំណេះជំនាញពិតប្រាកដលើកស្ទួយកិត្យានុភាពជាតិឱ្យបានថ្កុំថ្កើនសាកសមជាយុវជនបន្តវេនដែលមានមនសិការស្នេហាជាតិ មាតុភូមិនិងគោរពបូជាឱ្យអស់ពីចិត្តថ្លើមគឺជាតិ សាសនា ព្រះមហាក្សត្រ៕