(សៀមរាប)៖ ដំណើរទស្សនកិច្ចរបស់ប្រតិភូបញ្ជាការដ្ឋានគីមីសាស្រ្តកងទ័ពប្រជាជនវៀតណាម នៅកម្ពុជា រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៤- ២៨ ខែឧសភា ឆ្នាំ២០១៦ បានបិទបញ្ចប់ហើយ ជាមួយការសន្យាថា នឹងជួយឧបត្ថម្ភគាំទ្រដល់ការងាររបស់អាជ្ញាធរជាតិអាវុធគីមីរបស់កម្ពុ ជា ឲ្យកាន់តែល្អប្រសើរ ថែមទៀត។
ប្រតិភូបញ្ជាការដ្ឋានគីមីសាស្រ្តកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ង្វៀង ថាញ់ទុង បានមកបំពេញទស្សនកិច្ចនៅកម្ពុ ជាកាលពីពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។ ដំណើរទស្សនកិច្ចនេះ ប្រតិភូបានអញ្ជើញទស្សនកិច្ចតាមតំបន់ប្រវត្តិសាស្រ្តនានា របស់កម្ពុជា ព្រមទាំងបានចុះហត្ថលេខាលើកំណត់ហេតុមួយចំនួន រវាងបញ្ជាការដ្ឋានគីមីសាស្រ្តកងទ័ពប្រជាជនវៀតណាម និង អាជ្ញាធរ ជាតិអាវុធគីមី របស់កម្ពុជា។
ប្រតិភូបញ្ជាការដ្ឋានគីមីសាស្រ្តកងទ័ពប្រជាជនវៀតណាម បានបញ្ចប់ដំណើរទស្សនកិច្ចជាមួយការទស្សនាប្រាសាទអង្គរវត្តលើទឹកដីសៀម រាប និងបានចេញដំណើរទៅវៀតណាមវិញតាមព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។ ដំណើរនិវត្តន៍របស់ប្រតិភូបញ្ជាការដ្ឋានគីមី សាស្រ្តកងទ័ពប្រជាជនវៀតណាម មានការជូនដំណើរដោយឧត្តមសេនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី តំណាង នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការអាជ្ញាធរជាតិអាវុធគីមី។
មុនចាកចេញពីកម្ពុជា ឧត្តមសេនីយ៍ត្រី ង្វៀង ថាញ់ទុង បានបង្ហាញពីភាពសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាលជាមួយកងទ័ព កម្ពុជា ហើយក៏បានអរគុណចំពោះការទទួលរាក់ទាក់ និងការរៀបចំការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអាវុធគីមី។
ឧត្តមសេនីយ៍ត្រី ង្វៀង ថាញ់ទុង បានសន្យាថា នឹងបន្តជួយអាជ្ញាធរជាតិអាវុធគីមីកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំថែមទៀត តាមកំណត់ ហេតុ និង ខ្លឹមសារ នៃពិធីសារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦៕