(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្តែងការខកចិត្តយ៉ាងខ្លាំង ពីការវិវត្តនានានៅមីយ៉ាន់ម៉ា ជាពិសេសការប្រហារជីវិតសកម្មជនគណបក្សប្រឆាំង ៤រូប ហើយបានអំពាវនាវយ៉ាងខ្លាំង និងបន្ទាន់ ដល់ភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា ឲ្យបញ្ឈប់សកម្មភាព ដែលធ្វើឲ្យវិបត្តិនៅក្នុងប្រទេសនេះ កាន់តែមានភាពធ្ងន់ធ្ងរ។ នេះបើតាមការឲ្យដឹងពី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ប្រាក់ សុខុន អះអាងថា នៅក្នុងបញ្ហាមីយ៉ាន់ម៉ា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានផ្តោតសំខាន់ទៅលើការកោតសរសើររបស់អាស៊ាន ប៉ុន្តែនៅក្នុងនោះ ក៏មានការបង្ហាញអំពីការខកចិត្តយ៉ាងខ្លាំង ពីការវិវត្តនានានៅមីយ៉ាន់ម៉ា ជាពិសេសការប្រហារជីវិតសកម្មជនគណបក្សប្រឆាំង ៤រូប បើទោះបីជាមានការអំពាវនាវដោយផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាការស្នើសុំប្រទេសអាស៊ាន ដើម្បីឲ្យពិចារណាករណីទាំងនេះ។
លោកបន្តថា «យើងបានទទូចឲ្យអាជ្ញាធរមីយ៉ាន់ម៉ា ចាត់វិធានការជាក់ស្តែងអនុវត្តឲ្យមានប្រសិទ្ធភាព និងពេញលេញ នូវកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច ដែលបានអនុម័តដោយមេដឹកនាំអាស៊ាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា។ យើងក៏បានអំពាវនាវយ៉ាងខ្លាំង និងបន្ទាន់ ដល់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យបញ្ឈប់សកម្មភាព ដែលធ្វើឲ្យវិបត្តិនេះកាន់តែមានភាពធ្ងន់ធ្ងរឡើង និងរេរាំង ដល់ការសន្ទនាសន្តិភាព ហើយក៏អាចនឹងប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាព»។
បើតាមលោក ប្រាក់ សុខុន បានបន្ថែមថា រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត ដែលមានក្នុងកិច្ចព្រមព្រៀង ៥ចំណុច ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅប្រក្រតីភាពឡើងវិញ ដោយយល់ថា សន្តិភាពយូរអង្វែង និងការបង្រួបបង្រួមជាតិ អាចសម្រេចបានតាមដំណោះស្រាយនយោបាយ ប្រកបដោយបរិយាប័ន្ន ប្រកបដោយកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា ក៏ដូចជាការដឹកនាំដោយមីយ៉ាន់ម៉ា តែប៉ុណ្ណោះ។
សូមជម្រាបថា អាស៊ាន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីក្តីតក់ស្លុត និងសោកសៅយ៉ាងក្រៃលែងចំពោះប្រទេសមីយ៉ាន់ម៉ា ដែលប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ០៤រូប។
សកម្មជនបក្សប្រឆាំងចំនួន ០៤រូបនោះ ដែលត្រូវរបបយោធាមីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតនោះ រួមមាន៖ លោក ភ្សូ ហ្សេយ៉ា ថរ, លោក ក្យរ មីនយូ, លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស បើទោះបីមានការស្នើសុំឱ្យពិចារណាឡើងវិញ លើសេចក្តីសម្រេចផ្តន្ទាទោសលើជនទាំងនោះដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាសំណូមពរពីសំណាក់រដ្ឋសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្តី៕