(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើលិខិតចំហរមួយជូន អង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មានខេបូចា ដោយលោកអះអាងថា បានបំភ្លៃខ្លឹមសារឆ្លើយតបចំនួន៦ចំណុចរបស់លោកទៅកាន់ របាយការណ៍របស់ OHCHR ជុំវិញស្ថានភាពព័ត៌មាននៅកម្ពុជា។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតចំហររបស់លោក មាស សុភ័ណ្ឌ៖
«លិខិតចំហរ ផ្ញេីជូនអង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មានខេបូចាក្នុងនាមអ្នកនាំពាក្យក្រសួងព័ត៌មាន ខ្ញុំសូមផ្ញើលិខិតចំហរនេះ ជូនអង្គភាពសារព័ត៌មាន និងសមាគមគមសារព័ត៌មានខេបូចា ដែលតែងតែលេីកដម្កេីនខ្លួនឯងថាជា អង្គការភាពសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឱ្យបានជ្រាបថា៖ ក្នុងអត្ថបទជាភាសាអង់គ្លេស ដែលបានចេញផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៥:៤០នាទីល្ងាច លេីគេហរទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លូន ដែលមានចំណងជើងថា «UN says press freedomin Cambodia remains severely restricted» ដែលសរសេរដោយលោក ឃួន ណារីម (Khuon Narim) ត្រង់កឋាខណ្ឌទី១៦ ដែលមានខ្លឹមសារថា «Information Ministry spokesman, Meas Sophorn, rejected the OHCHR findings, saying they came only from interviews with anti-government journalist sand didn’t reflected the over all reality of the mediain the c ountry»។
ត្រង់ចំណុចនេះ (កឋាខណ្ឌខាងលេី) ខ្ញុំសូមសួរទៅអង្គភាពសារព័ត៌មាននេះ ដូចខាងក្រោម៖
*ទី១៖ តេីអង្គភាពសារព័ត៌មានរបស់លោក ដែលសរសេរខ្លឹមសារបែបហ្នឹងថា តេីលោកដកស្រង់សម្ដីខ្ញុំត្រង់ចំណុចណា នៅក្នុងសំណេរឆ្លេីយតប ចំនួន៦ចំណុចរបស់ខ្ញុំទៅកាន់អ្នកសារព័ត៌មានរបស់លោកដែលថា «...ពួកគេសម្ភាសន៍ តែជាមួយអ្នកសារព័ត៌មានដែលប្រឆាំងនឹងរដ្ឋាភិបាល...?» បេីនៅក្នុងសំណេរឆ្លេីយតប ចំនួន៦ចំណុចរបស់ខ្ញុំទៅកាន់អ្នកសារព័ត៌មានរបស់លោកខ្ញុំ ពុំបាននិយាយទាល់តែសោះថា «...ពួកគេសម្ភាសន៍ តែជាមួយអ្នកសារព័ត៌មាន ដែលប្រឆាំងនឹងរដ្ឋាភិបាល...» នោះ។
*ទី២៖ តេីក្រុមលោកដែលសរសេរព័ត៌មានបំភ្លៃការពិតបែបនេះ តេីក្រុមលោកមានចេតនាអ្វីឲ្យពិតប្រាកដ?
*ទី៣៖ បើក្រុមលោកសរសេរបំភ្លៃខុសពីការពិតបែបនេះ តេីអង្គការសារព័ត៌មានលោក ជាអង្គភាពសារព័ត៌មាន ដែលឯករាជ្យមានវិជ្ជាជីវៈ និងគោរពវិជ្ជាជីវៈសារព័ត៌មាន ដូចដែលក្រុមលោក តែងតែអះអាងដែរឬទេ?
ក្នុងការឆ្លេីយតបជាចំហរនេះ «ខ្ញុំសូមឲ្យអង្គភាពសារព័ត៌មានលោក បញ្ជាក់ជូនសាធារណជនជាសាធារណៈ និងស្នេីសុំឲ្យសាធារណជនទាំងអស់ ធ្វេីការវិនិច្ឆ័យដោយខ្លួនឯង ចំពោះអង្គភាពសារព័ត៌មាននេះថា តេីជាអង្គភាពសារព័ត៌ មានបែបណា។ សូមភ្ជាប់មកជាមួយនូវខ្លឹមសារឆ្លេីយតបរបស់ខ្ញុំ ទៅកាន់អ្នកសារព័ត៌មានខេបូចា»។
សូមរំលឹកថា លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈបណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២កន្លងទៅ បានឆ្លើយតបចំនួន៦ចំណុច ពាក់ព័ន្ធនឹងរបាយការណ៍ របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននៅក្នុងកម្ពុជា៕