(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានអះអាងថា អាស៊ានបានសម្តែងនូវភាពរីករាយ ជាមួយសន្ទុះវិជ្ជមាន នៃការចរចាក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC)។
ថ្លែងនៅក្នុងសន្និសិទកាសែត នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី បានអះអាងថា សម្រាប់បញ្ហាសមុទ្រចិនខាងត្បូង ដែលជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំអាស៊ានរាល់ឆ្នាំនោះ មិនមានការពិភាក្សាតឹងតែង ដូចពេលកន្លងទៅទេ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។
លោកបន្ថែមថា ភាគីទាំងអស់បានអះអាងពីសារសំខាន់នៃការរក្សា និងការលើកកម្ពស់សន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសេរីភាពក្នុងការធ្វើនាវាចរ ក្នុង និងការហោះហើរលើសមុទ្រចិនខាងត្បូង ហើយអាស៊ានបានកត់សម្គាល់អំពីសារសំខាន់ នៃការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិនៃភាគីនានាពាក់ព័ន្ធសមុទ្រចិនខាងត្បូង DOC ផងដែរ។
«ហើយយើងក៏បានកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី២០ នៃ DOC យើងរីករាយជាមួយសន្ទុះវិជ្ជមាននៅក្នុងការចរចាក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង COC ជាពិេសសគឺការចាប់ផ្តើមចរចាដោយផ្ទាល់ឡើងវិញ នៅខេត្តសៀមរាបនាពេលថ្មីៗនេះ» នេះបើតាមការបញ្ជាក់របស់ ប្រមុខការទូតកម្ពុជា។
លោកសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងបញ្ចប់នូវការពិនិត្យជាលើកទី២ លើខ្លឹមសារនៃសេចក្តីព្រាងតែមួយស្តីអំពី ក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) នៅចុងឆ្នាំនេះ៕