(ព្រៃវែង)៖ លោក នេត សាវឿន ប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយអន្ទរ និងក្នុងស្រុកកញ្ជ្រៀច បានដឹកនាំក្រុមការងារចុះពង្រឹងការងារតាមមូលដ្ឋាន ដោយក្នុងនោះបាននាំយកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ផ្តល់ជូនស្រ្តី សម្រាលកូនចំនួន ២៧២នាក់ និងគ្រួសារសពចំនួន៥៦នាក់។
ដោយឡែក ក្រុមការងារស្រុកកញ្ជ្រៀច បានបើកវេទិកាចំនួន៤លើក មានប្រជាពលរដ្ឋចូលរួម២៩៥នាក់ បានសំណូមពរប្រហាក់ប្រហែលគ្នាចំនួន៧សំណើរ ក្នុងនោះអាជ្ញាធរ និងក្រុមការងារ បានពន្យល់ និងដោះស្រាយរួចរាល់ហើយ។ ក្រៅពីនោះក្រុមការងារសង្គ្រោះ បានសហការបញ្ជូនរថយន្ត ដឹកជញ្ជូនអ្នកជម្ងឺចំនួន២០នាក់ ទៅសម្រាកនៅមន្ទីរពេទ្យ និងបានដឹកនាំ កម្លាំងរួមចុះជួសជុលផ្ទះពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ចំនួន៩ខ្នង ព្រមទាំងចែកជូនគ្រឿងឧបភោគ បរិភោគ សម្ភារ និងឧបត្ថម្ភ គ្រួសារក្រីក្រ៦គ្រួសារ។
បន្ថែមពីលើនេះ លោក នេត សាវឿន បានបង្ហាញនូវចំណុចមួយចំនួន ត្រូវអនុវត្តបន្តក្នុងស្រុកស្វាយអន្ទរ និងក្នុងស្រុកកញ្ជ្រៀច រួមមានបន្តជម្រុញការងារ ធ្វើអត្តសញ្ញាណប័ណ្ណ ខិតខំបំរើសេវាផ្សេងៗ ដោយគ្មានលក្ខខណ្ឌ ដោះស្រាយមូលនិធិមនុស្សធម៌ ស ខេង ឲ្យទាន់ពេលវេលា បន្តគ្រប់គ្រង ពង្រីកសមាជិកបក្សតាមផែនការបានដាក់ចុះ និងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យបាន ល្អប្រសើរ៕