(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
បន្ទាប់ពីជំនួបពិភាក្សាការងារនេះទៅ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធផ្តល់ឥណទានសម្បទានជាង ៣៨០លានដុល្លារបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ។
ពិធីចុះហត្ថលេខាធិការនេះ នឹងធ្វើឡើងរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ហើយក៏មានការចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះ រវាងលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហារឹកុ ប្រធានតំណាង JICA ប្រចាំកម្ពុជាផងដែរ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។
សូមបញ្ជាក់ថា លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែសីហា កន្លងទៅនេះ តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
ក្នុងដំណើរអញ្ជើញមកដល់កម្ពុជា លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានផ្ញើសារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។ ក្នុងសារជូនពលរដ្ឋកម្ពុជានេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីអាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដងនៅក្នុងទូទាំងប្រទេសកម្ពុជា និងបានផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។ លោក បានគូសបញ្ជាក់ថា កាយវិការដ៏កក់ក្ដៅទាំងនេះ បានលើកទឹកចិត្តរូបលោក ហើយធ្វើឱ្យលោករំភើបដោយដឹងថា មានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។
លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានគូសរំលេចទៀតថា ក្នុងទស្សនកិច្ចលើកនេះ លោកមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។ នាខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
លោករដ្ឋមន្ត្រីការបរទេសបានបន្ថែមថា ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមឲ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយប្រជាជនកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះ លោកក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានផងដែរ។ លោកសូមសម្តែងនូវការគោរពចំពោះលោក ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលកិច្ចប្រជុំទាំងនេះក្នុងនាមជាប្រធានអាស៊ាន។ សហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនានាដែលធ្វើឡើងក្នុងស្ថានភាពបែបនេះមានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់។
ក្នុងសារនេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានឆ្លៀតគូសរំលេចដែរថា លោកជាអ្នកគាំទ្រម្ហូបខ្មែរ ហើយលោកបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះ លោកទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក។
លោករដ្ឋមន្ត្រីការបរទេសជប៉ុន ជូនពរឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ប្រព្រឹត្តិទៅដោយជោគជ័យ និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែរីកចម្រើន៕