(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានអំពាវនាវដល់អាណាព្យាបាល ចូលរួមតាមដានលទ្ធផលសិក្សា, អត្ដចរិត, សីលធម៌ និងសុជីវធម៌របស់កូននៅក្នុងគ្រួសារ, សាលារៀន, និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា, អត្តចរិត, សីលធម៌, សុជីវធម៌របស់កូននៅក្នុងគ្រួសារ, សាលារៀន, និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ ឬ បង្កលក្ខណៈ ឲ្យកូនបានសិក្សាបន្ថែមនៅផ្ទះ និងចូលរួមអានសៀវភៅជាមួយកូន ជាដើម»។
បន្ថែមពីលើនេះទៀត បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏សូមឲ្យមាតាបិតា អ្នកអាណាព្យាបាលត្រូវផ្គត់ផ្គង់សម្ភារៈសិក្សា, ទិញកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូងឲ្យកូនបានហ្វឹកហាត់នៅសាលារៀននិងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ, ថវិកា, ដល់ដំណើរការបណ្ណាល័យនៅតាមសាលារៀន, ការអភិវឌ្ឍសាលារៀន និងគាំទ្រគ្រូបង្រៀនជាដើម។
ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានប្រាប់ដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, រដ្ឋបាលស្រុកដែលមានការិយាល័យអប់រំយុវជន និងកីឡាជាសេនាធិការ ត្រូវបន្តចូលរួមគាំទ្រ ទាំងរដ្ឋបាល និងបច្ចេកទេសដល់ដំណើរការរៀននិងបង្រៀននៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងក្នុងខេត្ត និងស្រុករបស់ខ្លួន និយាយជារួម និងដោយឡែកសាលាបឋមសិក្សាកងតាណឹង។
លោករដ្ឋមន្ដ្រីបន្ដទៀតថា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត លើការដឹកនាំគ្រប់គ្រងសាលារៀន ការលើកកម្ពស់គុណភាពរៀននិងបង្រៀន ជាពិសេសការជួយឱ្យកុមារជួបការលំបាកនិងងាយរងគ្រោះបានចូលរៀននិងបន្តរៀន ជួយសិស្សរៀនយឺតឱ្យបានទទួលនូវកាសិក្សាកាន់តែប្រសើរ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ក្នុងនាមជាអ្នកផ្តល់សេវាអប់រំ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ត្រូវតែបន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ តាមរយៈការចូលរួមសិក្ខាសាលា វគ្គបំប៉ននានា ដូចជាវគ្គបំប៉នស្តីពីការអនុវត្តកញ្ចប់សម្ភារៈអំណាននិងគណិតវិទ្យាថ្នាក់ដំបូង និងការគ្រប់គ្រងតាមសាលារៀនជាដើម។
ជាមួយគ្នានេះ ឆ្លើយតបទៅនឹងការវិវត្តរបស់បច្ចេកវិទ្យាព័ត៌មានបុគ្គលិកអប់រំទាំងអស់ ត្រូវតែបន្តចាប់យកការសិក្សាស្វែងយលលើការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន បម្រើឲ្យការបង្រៀននិងរៀន និងការងាររដ្ឋបាល បន្ថែមពីលើដោយការសិក្សាភាសាបរទេស ជាពិសេសភាសាអង់គ្លេស។ នេះជាការបញ្ជាក់បន្ថែម របស់រដ្ឋមន្ដ្រីអប់រំ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏សូមខិតខំគោរពប្រតិបត្តិ ឲ្យបានខ្ជាប់ខ្ជួននូវស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដែលរួមមាន១៖ ចំណេះដឹងវិជ្ជាជីវៈ, ២៖ ការប្រតិបត្តិវិជ្ជាជីវៈ, ៣៖ ការសិក្សាវិជ្ជាជីវៈ និង៤៖ សីលធម៌វិជ្ជាជីវៈ៕