(ភ្នំពេញ)៖ តំណាងរាស្រ្តដ៏សកម្មមួយរូប គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន លោកស្រី បាន ស្រីមុំ បានអញ្ជើញជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពិនិត្យពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកស្រី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ។ ក្រុមគ្រូពេទ្យបានចុះចល័តពិនិត្យពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដល់មូលដ្ឋាន​ជនបទផ្ទាល់ក្នុងសង្កាត់​បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីបង្កភាពកាន់តែងាយស្រួល និងកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ ក្នុងការផ្តល់សេវាសុខភាព ដែលកន្លងមកការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ធ្វើឡើងនៅការិយាល័យតំណាង​រាស្រ្តមណ្ឌលប៉ៃលិន រៀងរាល់ថ្ងៃអាទិត្យ ២សប្តាហ៍ម្តង រៀងរាល់ខែ។

លោកស្រីតំណាងរាស្រ្ត ដែលទទួលបានការពេញចិត្តពីប្រជាពលរដ្ឋនៅខេត្តប៉ៃលិនរូបនោះ បានពាំនាំនូវបណ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយសម្តេចតែងតែគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប តាមរយៈក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ពិសេសេតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាគ្រប់មណ្ឌល គឺតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា រួមរស់សុខទុក្ខជាមួយប្រជាពលរដ្ឋ មិនថា ក្នុងកាលៈទេសៈណាក៏ដោយ។

ក្នុងឱកាសនោះដែរ លោកស្រី បានថ្លែងឲ្យដឹងថា៖ បើគិតមកទល់ពេលនេះមានរយៈពេល ពាក់កណ្តាលអាណត្តិហើយ ដែលលោកស្រីបានជាប់ឆ្នោត ជាតំណាងរាស្រ្ត មណ្ឌលប៉ៃលិន ហើយដោយមិន​បានសន្យាទុកជាមុន ដើម្បីឆ្លើយតបចំពោះការទុក្ខចិត្ត របស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដែលជាម្ចាស់ឆ្នោត លោកស្រី បានខិតខំដោយការទទួលខុសត្រូវខ្ពស់ ចំពោះម្ចាស់ឆ្នោតទាំងអស់ គឺបានរៀបចំកម្មវិធី​ជាច្រើនដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងន័យជួយកាត់បន្ថយការលំបាកផ្សេងៗ និងលើកកម្ពស់សុខមាលភាព សុខភាពប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពការរស់នៅប្រចាំថ្ងៃ របស់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងលើកកម្ពស់ស្ត្រី កុមារ តាមរយៈ ការឧបត្ថម្ភជាថវិកាជួយដល់ចាស់ជរាគ្មានទីពឹង ដែលបានដំណើរ​ការតាំងពីឆ្នាំ២០១១មក, រៀបចំក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តក្នុងឆ្នាំ២០១៤ ដើម្បីផ្តល់សេវា​សុខាភិបាល ពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ទូទាំងខេត្តប៉ៃលិន ក្នុងនោះក៏មានប្រជាពលរដ្ឋ ដែលអញ្ជើញមកពីស្រុកមួយចំនួន នៃខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានមកទទួលសេវានេះដែរ ហើយមកដល់បច្ចុប្បន្ន បានទទួលការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ប្រមាណ៣០,០០០នាក់ មកហើយ, ចុះជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ មានទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ និងគ្រោះថ្នាក់ផ្សេងៗ ដោយមិនប្រកាន់និន្នាការសាសនា ពណ៌សម្បុរ និងនយោបាយឡើយ។

លោកស្រីក៏សូមផ្តាំផ្ញើផងដែរ ដោយសូមឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅត្រូវមានអនាម័យ ថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ  ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ និងសូមថ្លែងអំណរគុណ ចំពោះការចូលរួម​ដោយស្ម័គ្រ​ចិត្តពីក្រុមគ្រូពេទ្យ ក្រុមការងារ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការពិនិត្យ ព្យាបាលជំងឺ និងសម្រួលភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលសេវាសុខភាពេនះ៕