(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារី ណុក (Mary Ng) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ ការជំរុញការនាំចេញ ធុរកិច្ចធន់តូច និងការអភិវឌ្ឍសេដ្ឋកិច្ចកាណាដា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ នៅក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌ អាស៊ាន នៅរាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ម៉ារី ណុក បានឯកភាពធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាពល្អរវាងប្រទេសទាំងពីរ និងបានជំរុញកិច្ចសហប្រតិបត្តិការ ឲ្យបានទូលំទូលាយ ដើម្បីផលប្រយោជន៍រួមគ្នាក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកល។ ភាគីទាំងពីរ បានឯកភាពរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំនេះ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះជំនួយ និងការគាំទ្រផ្នែកបច្ចេកទេសរបស់ប្រទេសកាណាដា នៅក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា និងបានស្នើសុំឲ្យមានវិភាគទានបន្ថែមទៀតពីកាណាដា ឆ្ពោះទៅសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥»។
ភាគីទាំងពីរ បានកត់សម្គាល់ដោយសេចក្ដីពេញចិត្តចំពោះគន្លងវិជ្ជមាន នៃពាណិជ្ជកម្មទ្វេភាគី ខណៈដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូងអំណរគុណដល់កាណាដាដែលបានរក្សាប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់កម្ពុជា។
ចំពោះទំនាក់ទំនងអាស៊ាន-កាណាដា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់កាណាដា សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីការចូលរួមរបស់នាយករដ្ឋមន្ត្រីកាណាដា ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំនេះ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា និងសំណើរបស់កាណាដា ក្នុងការលើកកម្ពស់ឋានៈរបស់ខ្លួន ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ៕