(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកំណត់កាលបរិច្ឆេទប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០ នាទីព្រឹក នៅក្នុងបន្ទប់សវនាការធំនៃ អ.វ.ត.ក។
អង្គជំនុំជម្រះសាលាដំបូងបានប្រកាសសាលក្រមរបស់ខ្លួនប្រឆាំងនឹង ខៀវ សំផន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយផ្តន្ទាទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងបានដាក់បញ្ចូលទោសនេះជាមួយទោសដាក់ពន្ធនាគារអស់មួយជីវិតដែលបានប្រកាសនៅក្នុងសំណុំរឿង ០០២/០១។
ខៀវ សំផន និងសហព្រះរាជអាជ្ញា បានដាក់បណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមនេះ។ អង្គជំនុំជម្រះតុលាការកំពូលបានបើកសវនាការស្តាប់សេចក្តីសន្និដ្ឋានដោយផ្ទាល់មាត់ទៅលើបណ្តឹងសាទុក្ខ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៕