(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ គណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តត្បូងឃ្មុំ លើកទី៨ ដើម្បីពង្រឹងក្រមសីលធម៍ និងបង្កើនចំណេះដឹងថ្មីៗ បន្ថែមដល់ក្រុមគ្រូពេទ្យ និងបង្ហាញពីរបៀបចូលរួមឆ្លើយ MCQ តាមរយៈប្រព័ន្ធ Zoom ក្រោមវត្តមានលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។
ពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ឆន មុនី ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ ព្រមទាំងគណក្រុមគ្រូពេទ្យថ្នាក់ជាតិ សាស្ត្រាចារ្យពីមន្ទីរពេទ្យកាលម៉ែត មន្ទីរពេទ្យមណ្ឌលក្តីសង្ឃឹមសម្តេចឪ ក្រុមគ្រូពេទ្យមកពីតាមបណ្តាក្រុង/ស្រុក ទាំង ៧ក្នុងខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុនជាដៃគូ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅក្នុងខេត្តត្បូងឃ្មុំ គណៈគ្រូពេទ្យខេត្ត និងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ មានគ្រូពេទ្យសរុប ក្នុងខេត្ត២៣៥នាក់ គ្រូពេទ្យបានចុះបញ្ជីការសរុប ២២៩នាក់ (ស្រី៣៥នាក់) គ្រូពេទ្យបានចុះបញ្ជីការ និងស្នើសុំអាជ្ញាបណ្ណ មានសរុបចំនួន១៤៣នាក់។
លោកវេជ្ជបណ្ឌិត ឆន មុនី បានបន្តលើកឡើងថា កន្លងមកមន្ទីរសុខាភិបាលបានពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការសុខាភិបាល ក្រុមគ្រូពេទ្យ នៅគ្រប់អង្គភាពសុខាភិបាលក្រោមឱវាទ គ្រប់ថ្នាក់ទាំងរដ្ឋ និងឯកជន ជាពិសេសអង្គភាពផ្ដល់សេវាមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីលើកកម្ពស់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ចំពោះមូលដ្ឋានសុខាភិបាលសាធារណៈ។
លោកវេជ្ជបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសុខាភិបាលខេត្ត ពិសេសក្រុមគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ ក្នុងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការបម្រើ និងផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋតបានយ៉ាងល្អប្រសើរ។
នាឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ទាំងមន្ទីរសុខាភិបាលខេត្ត រួមទាំងគណៈវិជ្ជាជីវៈទាំងអស់ បានបន្តខិតខំណែនាំក្រើនរំលឹកដល់ វេជ្ជបណ្ឌិត គ្រូពេទ្យ ទន្តបណ្ឌិត ទន្តពេទ្យ ឱសថការី គិលានុបដ្ឋាក ឆ្មប ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ ប្រកបដោយគុណភាព និងសមធម៌។
សូមជម្រាបថា ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តត្បូងឃ្មុំលើកទី៨នេះ ប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញពីសំណាក់ វាគ្មិនកិត្តិយស បានចែករំលែក បទពិសោធន៍ដោយទទួលធាតុចូលជាច្រើនសម្រាប់សិក្ខាកាមដែលបានចូលរួម៕