(ភ្នំពេញ)៖ នៅថ្ងៃម្សិលមិញ និងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ បងប្អូនអាជីវករដែលលក់ដូរនៅតាមផ្លូវលេខ១៣៩ នៃផ្សារសេរីភាពជាង២០នាក់ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានចេញមកតវ៉ា ដោយចោទប្រកាន់ទៅលើក្រុមហ៊ុនសំណង់មួយមានឈ្មោះ «ហុងលីគ្រុប» បានសាងសង់ ហើយហ៊ុព័ទ្ធរបងចូលតាមផ្លូវដែលពួកគាត់កំពុងតែប្រកបរបរអាជីវកម្ម។ ចំពោះការតវ៉ា និងការចោទប្រកាន់ទៅលើនេះ សំណង់របស់ក្រុមហ៊ុនខាងលើ ត្រូវបានអភិបាលខណ្ឌ៧មករា លោក លឹម សុភា ចេញមកបញ្ជាក់ថា តាមពិតទៅខាងក្រុមហ៊ុន បានសង់សំណង់របស់ខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានការវាយតម្លៃរួចហើយ ពីគណៈកម្មការជំនាញ មិនដូចជាការលើកឡើងរបស់បងប្អូនអាជីវករ។
លោកអភិបាលខណ្ឌបានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះថា តាមពិតបងប្អូនអាជីវករទៅវិញទេ ដែលធ្វើការលក់ដូរនៅលើចិញ្ចើមផ្លូវលេខ១៣៩ ខុសច្បាប់ និងបង្កភាពអនាធិបតេយ្យទៅវិញទេ តែអាជ្ញាធររបស់លោកកន្លងទៅមានការយោគយល់ ចេះតែបិទភ្នែកម្ខាងទៅ ដើម្បីឲ្យបងប្អូនអាចរកស៊ីបានដើម្បីចិញ្ចឹមជីវភាពគ្រួសារ។ លោក លឹម សុភា បានបន្តទៀតថា មូលហេតុដែលនាំក្រុមហ៊ុនគ្រប និងហ៊ុព័ទ្ធរបងខាងលើនេះ ដោយសារតែបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ដែលអាចកើតមានឡើង ជាយថាហេតុណាមួយ ពេលកំពុងសាងសង់នោះ។
អភិបាលខណ្ឌរូបនេះ បានបញ្ជាក់ថា «រឿងនេះ ខាងក្រុមហ៊ុនគេមានច្បាប់អនុញ្ញាត និងមានការវាយតម្លៃត្រឹមត្រូវហើយពីមន្រ្តីជំនាញ តែបងប្អូនអាជីវករទៅវិញទេ ដែលលក់លើចិញ្ចើមផ្លូវខុសច្បាប់ និងបង្កភាពអនាធិបតេយ្យនោះ តែអាជ្ញាធរយើងចេះតែបិទភ្នែកទៅសម្រាប់ជីវភាពពួកគាត់»។ យ៉ាងណាក៏ដោយ ខាងអាជ្ញាធរខណ្ឌ នឹងទទួលយកការតវ៉ា របស់អាជីវករទៅដោះស្រាយបន្តទៀត តាមច្បាប់ទម្លាប់។
លោកថ្លែងថា «នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ យើងនឹងជួបពិភាក្សាគ្នាដោះស្រាយរវាងបងប្អូនអាជីវករ និងខាងក្រុមហ៊ុនខុនដូរ ហើយ»៕