(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារអបអរសាទរ និងជូនពរ សម្តេ ចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែលសម្តេច ទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។
ក្នុងសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី បានលើកឡើងដូច្នេះថា៖ «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវការអបអរសាទរដ៏ស្មោះស្ម័គ្របំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្ដុង្គឧត្តម ដែលសម្តេច ទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។
នាឱកាសដ៏ឧត្ដុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតសម្ដែងនូវមោទនភាព និងគោរពកោត សរសើរដ៏ខ្ពង់ខ្ពស់បំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ដែលក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេច ប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ វីរភាពដ៏ធំធេងរបស់ សម្ដេចអគ្គមហាសេនាបតីតដោ បានធ្វើឱ្យប្រជាជនកម្ពុជាចងចាំ និងដឹងគុណជានិច្ចមិនអាចបំភ្លេចបានព្រោះប្រទេសជាតិបានរស់ឡើងវិញ ប្រកបដោយកិត្តិយស និងកិត្យានុភាព ហើយប្រជាជនរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងសេចក្តីសុខក្សេមក្សាន្ត ក្រោមម្លប់នៃសុខសន្តិភាព។
ជាថ្មីម្ដងទៀត ខ្ញុំសូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់របស់សម្តេច នូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕