(បាត់ដំបង)៖ មូលនិធិសម្ដេចក្រឡាហោម ស ខេង ត្រូវបានលោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី នាំយកទៅចែកជូនស្រី្ដសម្រាលកូន គ្រួសារអ្នកមរណភាព៥៨នាក់ និងសមាជិកបក្ស២ឃុំ ក្នុងស្រុកថ្មគោលនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ។ អំណោយជាថវិកា ដែលយកទៅចែកជូនប្រមាណ២៧លានរៀល ត្រូវបានយកទៅចែកជូនស្រ្តីសម្រាលកូន និងក្រុមគ្រួសារអ្នកទទួលមរណភាពចំនួន៥៨នាក់ ស្ថិតក្នុងឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង និងឧត្ថមថវិកាជូនមេឃុំអូរតាគី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ។
ក្នុងឱកាសនោះដែរ លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រជាតិលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។ បន្ថែមពីនេះលោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅ របស់បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ មួយរបស់គណបក្សគឺ «នៅទីណាមានទុក្ខ គឺតែងមានមុខក្រុមការងារគណបក្សរងចាំជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានយើងជានិច្ច»។ ជាងនេះទៅទៀតលោកក៏បានផ្តាំផ្ញើ ដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការ រស់នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារឲ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
អំណោយដែលចែកជូនពេលនោះគឺ ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាពក្នុងម្នាក់ៗ ទទួលបានថវិកា២០ម៉ឺនរៀល។ ដោយឡែកសម្រាប់ស្ត្រីសម្រាលកូនឃុំទាំងពីរ៤៦នាក់ ម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់បន្ថែម ដែលមាន៦មុខសម្រាប់ទារកប្រើប្រាស់។ បន្ទាប់មកលោកប្រធានក្រុមការងារបាន ជួបសំណេះសំណាល ប្រជុំជីវភាពនៅពេលរៀល ដោយមានការឧបត្ថមថវិកាដល់សកម្មជន ឃុំ មេបក្សភូមិ យុវជន និងសកម្មជនបក្សទាំង២ឃុំក្នុងស្រុកថ្មគោល មាន៧៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ក្នុងឱកាសប្រជុំពង្រឹងមន្រ្តីបក្សឃុំទាំងពីរ និងបាននាំថវិកាសម្តេចក្រឡាហោម ជូន លោក ប៉ង់ ណាប់ មេឃុំអូរតាគី ថវិកាចំនួន២ពាន់ដុល្លាផងដែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន វិសាលសុខបាត់ដំបង ដែលបានគ្រោះថ្នាក់ចរាចរណ៍ បាក់កជើង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦កន្លងមក៕