(ក្រចេះ)៖ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជូនជនសង្ស័យ៣នាក់ ទៅកាន់សាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធអំពើឃាតកម្មកាប់សម្លាប់មនុស្ស រហូតដល់ស្លាប់ កាលពីដើមខែមិថុនា ឆ្នាំ២០២២ ដោយសារតែទំនាស់រឿងជិះម៉ូតូជែងគ្នា។
យោងតាមរបាយការណ៍នគរបាល បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣-៤ ខែសីហា នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្នួល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ស្រី កទៀត អាយុ២១ឆ្នាំ រស់នៅភូមិស្រែនន ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី២៖ ឈ្មោះ ឡុង ឧត្តម (ហៅដំ) អាយុ២៣ឆ្នាំ រស់នៅភូមិថ្នល ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ
*ទី៣៖ ឈ្មោះ សំ រិទ្ឋី (ហៅធីក្រញាញ់) អាយុ៣៩ឆ្នាំ ពួកគេទាំង៣ មានទីលំនៅផ្សេងគ្នា ក្នុងខេត្តក្រចេះ។
តាមរបាយការណ៍បញ្ជាក់ទៀតថា ជនសង្ស័យទាំង៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ជាក់ពាក់ព័ន្ធករណីឃាតកម្មកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភ្នុំព្រិច ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ជនសង្ស័យទាំង៥នាក់ បានខឹងជនរងគ្រោះជិះម៉ូតូវ៉ាពួកគេ ហើយពួកគេបានស្រែកឲ្យជនរងគ្រោះឈប់ម៉ូតូ តែជនរងគ្រោះមិនព្រមឈប់ រួច ពួកគេបានជិះម៉ូតូដេញកាប់ជនរងគ្រោះបណ្ដាលឲ្យស្លាប់ម្នាក់ល និង២នាក់ទៀត។ ក្រោយកើតហេតុ កម្លាំងនគរបាល បានតាមស្រាវជ្រាវទើបចាប់បានចំនួន៣នាក់ ដោយឡែកបក្ខពួកទៀតរត់គេចខ្លួន ខណៈនគរបាលកំពុងបន្តស្វែងរកចាប់ខ្លួន។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ បានឆ្លើយថា កាលពីយប់ថ្ងៃទី៤ ខែមិថុនា ពួកគេពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ ឌាន ដា ភេទប្រុស អាយុ២១ឆ្នាំ បណ្តាលឲ្យស្លាប់ប្រាកដមែន ដោយទំនាស់រឿងជិះម៉ូតូវ៉ាគ្នា៕