(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦ សប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាចំពោះរឿង លោក កឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញថា តំណាងរាស្រ្តមកពីគណបក្សប្រឆាំងរូបនេះ បានប្រឆាំងទៅនឹងដីកាកោះហៅ របស់តុលាការ។ នេះបើតាមការបញ្ជាក់ពី លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។

លោក ឡេង ប៉េងឡុង បានប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នោះ នឹងពិភាក្សាដែលអាចនឹងលើកយករបៀបវារៈរឿងរបស់ លោក កឹម សុខា ដើម្បីបញ្ចូលទៅបោះឆ្នោតនៅក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា ហើយកិច្ចប្រជុំពេញអង្គនោះ ក៏អាចនឹងពិភាក្សា បោះឆ្នោត ថាតើ ឱ្យតុលាការផ្អាកនីតិវិធីលើ លោក កឹម សុខា ឬយ៉ាងណា។

លោក កឹម សុខា បានបដិសេធមិនចូលខ្លួន តាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ចំនួន២លើក ពាក់ព័ន្ធនឹងបទសញ្ជារកម្ម ជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បន្ទាប់ពីលោក​អវត្តមាន​ជាលើកទី២ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ តុលាការបានចាត់ទុកថា នេះជាបទល្មើសជាក់ស្តែងថ្មីមួយទៀត ដែលប្រឆាំងទៅនឹងដីកា ដែលចេញដោយតុលាការ ដែលជាស្ថាប័នមាន​អំណាចឯករាជ្យមួយ នៅក្នុងចំណោមស្ថាប័នអំណាចទាំង៣នៅកម្ពុជា។

តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា តាមមាត្រា ៥៣៨ នៃច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា ដែលមាត្រានោះ បានចែងថា «រាល់បុគ្គលណា​ដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុ​សមស្របត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»

បើតាមមាត្រា៨០ កថាខណ្ឌទី៣ នៃច្បាប់រដ្ឋធម្មនុញ្ញ បានចែងថា «តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច។

សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីទាំងអស់​ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល»។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក យ៉េត ចិរយា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានផ្ញើលិខិតជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដើម្បីរាយការណ៍អំពីការចោទប្រកាន់លោក កឹម សុខា តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ពីបទ «បដិសេធ ក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី តាមការកោះហៅរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

នៅក្នុងលិខិតផ្ញើជូនប្រធានរដ្ឋសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបរាប់អំពីករណីលោក កឹម សុខា និងការសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «បដិសេធ ក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លិខិតរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានរដ្ឋសភាបោះត្រាទទួលចូលនៅវេលាម៉ោង១០៖៤០នាទី ថ្ងៃទី២៧ ខែឧសភានេះ៕