Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខណ្ឌចំការមន ដឹកនាំមន្ត្រីចុះត្រួតពិនិត្យផ្ទះ ពលរដ្ឋដែលមានស្ថានភាពប្រេះស្រាំ ដោយសារសំណង់អគារខ្ពស់សាងសង់ក្បែរ ក្នុងសង្កាត់ទន្លេបាសាក់

05-08-2022 17:33

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន និងមន្ត្រីភូមិបាលខណ្ឌ រួមមានចៅសង្កាត់រងទី១ និងមេភូមិ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ បានចុះពិនិត្យទិដ្ឋភាពជាក់ស្តែង ដល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិ១០ និងភូមិ១២ នៃសង្កាត់ទន្លេបាសាក់ ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចំនួន១២គ្រួសារ ដែលពាក់ព័ន្ធការប្រេះស្រាំផ្ទះ ដោយមូលហេតុ ការសាងសង់អគារខ្ពស់របស់ព្រីនផ្លាហ្សា។

លោក អាំង សិរីពិសិដ្ឋ បានឱ្យដឹងថា ការចុះពិនិត្យតាមជាក់ស្តែងបានរកឃើញថា ផ្ទះប្រជាពលរដ្ឋខ្លះ មានការប្រេះស្រាំបន្តិចបន្តួចមែន ហើយខ្លះទៀត មិនទាន់រកចំនុចខូចខាតពិតប្រាកដនៅឡើយទេ តែទន្ទឹមនឹងនេះក្នុងនាម រដ្ឋបាលខណ្ឌចំការមន មិនបានព្រងើយកន្តើយឡើយ ចំពោះមុខពលរដ្ឋដែលមានកង្វល់។

លោក អាំង សិរីពិសិដ្ឋ បានបន្ថែមថា លោកនឹងទាក់ទងទៅម្ចាស់គំរោងម្ខាងទៀត ដើម្បីធ្វើការចុះពិនិត្យជាក់ស្តែងនិងរកលទ្ធភាព ដើម្បីធ្វើការជួសជុលឡើងវិញ ជូនប្រជាពលរដ្ឋ តាមអ្វីដែលគាត់សំណូមពរ។

លោកអភិបាលរងខណ្ឌចំការមន ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋដទៃទៀត ដែលទទួលបានសំណងពីក្រុមហ៊ុន ហើយចង់ប្តឹង ចង់បានថវិកា ដូចគេដែរ ដែលជាទង្វើមិនល្អនោះទេ លោកមិនគាំទ្រដាច់ខាតចំពោះទង្វើបែបនេះ ដែលនាំឱ្យប៉ះពាល់ដល់វិនិយោគិន នៅក្នុងប្រទេសកម្ពុជានោះទេ ទន្ទឹមនឹងនេះផលប៉ះពាល់របស់ប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរ ត្រូវគិតគូរបន្ថែមទៀតផងដែរ បើក្នុងករណីផលប៉ះពាល់ ដោយសារកាតសាងសង់ អាគារខ្ពស់នេះ និងសូមធ្វើតាមតម្លាភាព និងបញ្ហាចំពោះមុខជាក់ស្តែង។

គួរបញ្ជាក់ថា ភ្លាមៗក្រោយការចុះពិនិត្យផ្ទះប្រជាពលរដ្ឋរួចរាល់ លោកអភិបាលរងខណ្ឌចំការមន ក៏បានបន្តដំណើរទៅជួបភាគីម្ចាស់ក្រុមហ៊ុន ដើម្បីធ្វើការដោះស្រាយ និងបានកំណត់ឱ្យខាងភាគីក្រុមហ៊ុនចួលជួបប្រជុំ ពិភាក្សានៅរដ្ឋបាលខណ្ឌ នៅព្រឹកអង្គារ៍សប្តាហ៍ក្រោយផងដែរ៕