(ភ្នំពេញ)៖ នៅខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជានៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានរួមគ្នាផ្សព្វផ្សាយអំពីលទ្ធផលស្ទង់មតិ នៃការយល់ឃើញរបស់យុវជនកម្ពុជាចំពោះប្រទេសចិន។
លទ្ធផលនេះបានបង្ហាញថា អ្នកឆ្លើយសំណួរក្នុងការស្ទង់មិតិនេះជាទូទៅ បានយល់ឃើញដូចគ្នាថា ប្រទេសចិនគឺជាមហាប្រទេសដ៏សំខាន់មួយ ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការស្វែងរកការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ហើយពួកគេយល់យ៉ាងជ្រាលជ្រៅអំពីតួនាទីដ៏សំខាន់ នៃការវិនិយោគរបស់ក្រុមហ៊ុនសហគ្រាសចិន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។ ភាពឆ្លាតវៃ ភាពឧស្សាហ៍ព្យាយាម ភាពទាន់សម័យ មិត្តភាព និងភាពសម្បូរសប្បាយ គឺជាពាក្យគន្លឹះដ៏ពេញនិយម និងច្បាស់លាស់បំផុតទាំង៥ ដែលអ្នកឆ្លើយសំណួរការស្ទង់មិតិនេះ បានប្រើប្រាស់សម្រាប់ពណ៍នាពីរូបភាពប្រទេសចិន។
លទ្ធផលស្ទង់មតិនេះបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្តែងថា ចាប់តាំងពីសមាជនៃបក្សកុម្មុយនិស្តចិន លើកទី១៨មក ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ បានទទួលសមិទ្ធិផលដ៏អស្ចារ្យបំផុត នៅក្នុងបរិបទនៃការបន្តធ្វើឱ្យស៊ីជម្រៅ នៃការជឿទុកចិត្តគ្នាផ្នែកនយោបាយរវាងចិន និងកម្ពុជា ការអភិវឌ្ឍន៍យ៉ាងរស់រវើក នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការពង្រីកជាបន្តបន្ទាប់នៃជម្រៅ និងទំហំនៃការផ្លាស់ប្តូរវប្បធម៌។
ក្រោមរូបភាពនៃភាពស៊ីជម្រៅក្នុងការផ្លាស់ប្តូរវប្បធម៌មនុស្សទៅវិញទៅមក ប្រទេសទាំងពីរបានសំរេចបានសមិទ្ធិផលដ៏អស្ចារ្យ ក្នុងការតភ្ជាប់ទំនាក់ទំនង់របស់ប្រជាជនខ្លួន ទំនាក់ទំនងកម្ពុជា-ចិន បន្តដំណើរឈានដល់កម្រិតខ្ពស់ ហើយបានផ្តល់ឱកាសជាច្រើន ដល់យុវជនកម្ពុជាសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍។ បើនិយាយពីការសិក្សា នៅប្រទេសចិន កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលចិនបានទទួលនិស្សិតកម្ពុជាជិត ៣ ពាន់នាក់។ បន្ទាប់ពីត្រឡប់មកកម្ពុជាវិញ និស្សិតជាច្រើនបានចូលរួម និងបម្រើការងារក្នុងវិស័យសំខាន់ៗដូចជា នយោបាយ ធុរកិច្ច និងការអប់រំ។
ការស្ទង់មតិខាងលើបានបង្ហាញឱ្យឃើញថា រួមជាមួយនឹងអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រទេសចិនបានក្លាយជា គោលដៅសិក្សាកំពូលមួយ ក្នុងចំណោមអ្នកឆ្លើយសំណួរ។ សេដ្ឋកិច្ច បច្ចេកវិទ្យា នយោបាយ និងភាសាចិនគឺជាទិសដៅមុខវិជ្ជា ដែលអ្នកឆ្លើយសំណួរពេញចិត្តបំផុត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវជនកម្ពុជាទៅសិក្សានៅប្រទេសចិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត កម្ពុជាថ្មី ថា ប្រទេសចិននឹងផ្តល់ឱកាសដល់យុវជនកម្ពុជាបន្ថែមទៀត ដើម្បីសិក្សានៅប្រទេសចិន។ ការវិនិយោគរបស់សហគ្រាសចិន នៅក្នុងប្រទេសកម្ពុជាបានផ្តល់ ឱកាសអភិវឌ្ឍន៍អាជីពនិងមុខរបរមួយចំនួនធំដល់យុវជនកម្ពុជា។
ចាប់តាំងពីឆ្នាំ ២០១៣ មក ប្រទេសចិនគឺជាប្រភពនៃការវិនិយោគបរទេសធំជាងគេ នៅកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែមួយគត់ បានបង្កើតការងារក្នុងស្រុកជិត ៣ ម៉ឺនកន្លែង។ ដោយប្រឈមមុខនឹងការពិតមួយដែលថា ឧស្សាហកម្មផលិតកម្មរបស់ប្រទេសកម្ពុជាត្រូវបានគ្របដណ្តប់ ដោយឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ហើយទីផ្សារទេពកោសល្យត្រូវការកម្មករជំនាញជាច្រើនជាបន្ទាន់ ក្រុមហ៊ុនសហគ្រាសចិននៅកម្ពុជា បានអនុវត្តការបណ្តុះបណ្តាលជំនាញ និងចំណេះដឹងក្នុងស្រុកតាមរយៈ «ថ្នាក់មេជាងបង្រៀនកូនជាង» និងការបើកវគ្គបណ្តុះបណ្តាលជំនាញជាដើម។ សាលាវិជ្ជាជីវៈកម្ពុជា-ចិន ក៏បានរួមគ្នាបង្កើតសម្ព័ន្ធសហប្រតិបត្តិការផ្នែកអប់រំវិជ្ជាជីវៈ ដើម្បីបង្កើតវេទិកាសហប្រតិបត្តិការ ដើម្បីបំពេញចន្លោះខ្វះខាតធនធានមនុស្សនៅកម្ពុជា។
លទ្ធផលស្ទង់មតិដដែលបានបង្ហាញថា អ្នកឆ្លើយសំណួរបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ ដែលក្រុមហ៊ុនចិនបានដើរតួ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ជាង ៧០% នៃអ្នកឆ្លើយសំណួរមានបំណងចង់ស្វែងរកការងារ នៅក្នុងក្រុមហ៊ុនចិន ហើយសង្ឃឹមថានឹងទទួលរៀនសូត្របានជំនាញ និងចំណេះដឹងបន្ថែមទៀត។
កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងកម្ពុជា និងចិន បានជំរុញឱ្យ មានការពេញនិយមរៀនភាសាចិន យ៉ាងខ្លាំងនៅកម្ពុជា។ ការស្ទង់មតិបានបង្ហាញថា អ្នកឆ្លើយសំណួរជាទូទៅមានជំនឿថា ការរៀនភាសាចិនអាចជួយបានយ៉ាងច្រើន ក្នុងការស្វែងរកការងារ ដូច្នេះពួកគេបានរក្សានូវបំណងប្រាថ្នាចង់រៀនភាសាចិនយ៉ាងខ្លាំង។ ដើម្បីឆ្លើយតបទៅនឹង តម្រូវការនៃការរៀនភាសាចិននៅក្នុងសង្គមកម្ពុជា ចំនួនវិទ្យាស្ថានខុងជឺដែលរួមគ្នាបង្កើតឡើង ដោយប្រទេសកម្ពុជា និងចិនបានកើនឡើងដល់ពីរទីតាំង។
បន្ថែមពីថ្នាក់បណ្តុះបណ្តាលភាសា មុខវិជ្ជាដែលទាក់ទងនឹងភាសាចិនក៏ត្រូវបានដាក់បញ្ចូល ក្នុងប្រព័ន្ធឧត្តមសិក្សាកម្ពុជាផងដែរ។ សាកលវិទ្យាល័យភ្នំពេញភូមិន្ទ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសាកលវិទ្យាល័យមានជ័យ បានបើកថ្នាក់បរិញ្ញាបត្រភាសាចិន។ រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកម្ពុជា ផ្តល់វគ្គសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់លើការបង្រៀនភាសាចិន ដល់អ្នកដែលមានភាសាកំណើតមិនមែនជាភាសាចិន។ យោងតាមស្ថិតិមិនទាន់បញ្ចប់មួយបានបង្ហាញថា ប្រហែលមួយភាគបួននៃថ្នាក់ឧត្តមសិក្សារកម្ពុជាកំពុងបង្រៀនវគ្គសិក្សាភាសាចិន។
សករាជនៃការនិយមភាសាចិន ក៏បានជំរុញការងារភាពយន្ត និងរឿងភាគទូរទស្សន៍របស់ចិន ឱ្យចូលក្នុងទីផ្សារកម្ពុជាកាន់តែច្រើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យកម្ពុជា។ លទ្ធផលស្ទង់មតិខាងលើក៏បានបង្ហាញផងដែរថា ជិត ៨៥ភាគរយនៃអ្នកឆ្លើយសំណួរ គឺចូលចិត្តភាពយន្ត រឿងភាគទូរទស្សន៍ ចម្រៀងពេញនិយមជាដើម ដែលមកពីប្រទេសចិន។
ប្រទេសចិន និងកម្ពុជា គឺជាមិត្តដែកថែប ហើយទំនាក់ទំនងចិន-កម្ពុជា គឺជាគំរូសម្រាប់ការអនុវត្តគោលគំនិតនៃ «មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងភាពរួបរួម នៅក្នុងទំនាក់ទំនងការទូតប្រទេសជិតខាង។ ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ មេដឹកនាំនៃប្រទេសទាំងពីរបាន» ទៅបំពេញទស្សនកិច្ចសួរសុខទុក្ខគ្នាញឹកញាប់ដូចសាច់ញាតិ” ហើយការជឿទុកចិត្តគ្នាខាងនយោបាយ បានបន្តកាន់តែស៊ីជម្រៅ។
កម្ពុជាបានក្លាយជាប្រទេសដំបូងគេ ដែលចុះហត្ថលេខាលើសហគមន៍ នៃផែនការសកម្មភាពវាសនារួមជាមួយប្រទេសចិន។ តាមរយៈការតភ្ជាប់ស៊ីជម្រៅនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និង «យុទ្ធសាស្ត្រចតុកោណ» របស់កម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរបានកើនឡើងលើសពី ១០ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ដែលចូលជាធរមាននៅដើមឆ្នាំ២០២២ បានផ្តល់ជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសដែលមានមាត្រដ្ឋានខុសគ្នាយ៉ាងខ្លាំង នៅលើឆាកអន្តរជាតិ។
ដោយឡែក ចាប់តាំងពីការផ្ទុះឡើងជាសកលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ប្រទេសចិនបានផ្តល់វ៉ាក់សាំងដល់កម្ពុជាជាង ៤២ លានដូស ដែលជួយកម្ពុជាសម្រេចបាននូវអត្រាចាក់វ៉ាក់សាំងបង្ការបាន ៩៣ ភាគរយ និងការជួយចាប់ស្តារសេដ្ឋកិច្ចឡើងវិញ។ ផ្លូវ ស្ពានធំៗ ស្ថានីយ៍វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលបានផ្តល់ជំនួយដោយប្រទេសចិន មិនត្រឹមតែបើកសសៃឈាមដឹកជញ្ជូនរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការធានាថាមពល ប្រកបដោយស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍ជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នាពេលបច្ចុប្បន្ន ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរ ដែលមិនធ្លាប់មានក្នុងអំឡុងពេលមួយសតវត្សរ៍មកនេះ។
ជំងឺរាតត្បាតកូវីដ១៩ដែលបំផ្លាញពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បូករួមទាំងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយនិងហានិភ័យនៃវិបត្តិថាមពល និងវិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើនឡើង បានបង្កើនឲ្យមានភាពមិនច្បាស់លាស់ កាន់តែខ្លាំងនៅក្នុងពិភពលោក។ ទោះបីជាយ៉ាងនេះក៏ដោយ ទំនាក់ទំនងកម្ពុជា-ចិននៅតែរឹងមាំដូចដែកថែប។ មានប្រទេសមហាអំណាចមួយចំនួន នៅតែចង់បង្កើតបក្សសម្ព័ន្ធ និងបែងចែកពិភពលោកតាម មនោគមវិជ្ជារបស់គេ។ ការអនុវត្តបែបនេះកាន់តែមិនទទួលបានការពេញចិត្តពីសំណាក់ប្រទេស និងប្រជាជនពិភពលោកទាំងមូល។
មូលហេតុដែលទំនាក់ទំនងកម្ពុជា-ចិនមានភាពជិតស្និទ្ធ និងមានរយៈពេលយូរនោះ គឺបង្ហាញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឈរលើសមភាព និងផលប្រយោជន៍ទៅវិញទៅមក ហើយដើរតាមគោលគំនិតអភិបាលកិច្ចសកលនៃ «ពិភាក្សា បង្កើត និងចែករំលែកផលប្រយោជន៍រួមជាមួយគ្នា» និងពិតជាផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ដូចកម្ពុជាដែរ សហគមន៍អន្តរជាតិទទួលស្គាល់ កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការរក្សាពហុភាគីនិយម និងគាំទ្រដំណោះស្រាយ និងប្រាជ្ញារបស់ចិនក្នុងការដោះស្រាយ បញ្ហាអភិវឌ្ឍន៍សកល និង បញ្ហាប្រឈមជាសកលផ្សេងៗទៀត៕
(អ្នកនិពន្ធ៖ លោកបណ្ឌិត Gu Jiayun នាយករងនៃវិទ្យាស្ថានអាស៊ី អាហ្រ្វិកនៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង
លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ)