(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌មួយចំនួនទៀត បានរៀបចំពិធីសែនក្រុងពាលី ដើម្បីបើកការដ្ឋានជួសជុល អគារទីស្តីការក្រសួងយុត្តិធម៌ (សាលាយុត្តិធម្ម) ដែលមានអាយុកាលជិតមួយសតវត្សរ៍។
អគារនេះ ត្រូវបានកសាង និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា ដែលគិតត្រឹមឆ្នាំ២០២២ អគារនេះមានអាយុកាលជាង៩៧ឆ្នាំហើយ។
ដោយពិនិត្យឃើញថាអគារនេះមានសភាពទ្រុឌទ្រោម, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្តួចផ្តើមរៀបចំជួសជុលឡើងវិញនូវអគារសាលាយុត្តិធម្មនេះ ដោយរក្សានូវទ្រង់ទ្រាយ និងរចនាបទដើមនៃអគារទាំងស្រុង ដើម្បីអភិរក្សសំណង់ប្រវត្តិសាស្ត្រនេះឱ្យបន្តប្រើប្រាស់បានយូរអង្វែងតទៅទៀត៕