(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។
ជំនួបនេះធ្វើឡើងនៅការិយាល័យ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងឱកាសដែលលោករដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានអញ្ជេីញមកកម្ពុជា ដេីម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យសាសនាទាំងអស់នៅកម្ពុជា ទទួលបានសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើង និងជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនសិទ្ធិគ្រប់បែប ដូចជាសិទ្ធិរស់់នៅ សិទ្ធិប្រតិបត្តិសាសនា ដែលបានធ្វើឲ្យមានសុខដុមនីយកម្ម ការរីកចម្រើនទាំងវិស័យអប់រំ និងសេដ្ឋកិច្ចសង្គម និងប្រែមុខមាត់ដូចប្រជាជនទូទៅ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។
ជាមួយគ្នានោះ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានស្ញប់ស្ញែង និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងធ្វើសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់រដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តដាក់ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបង់ក្លាដែល ដែលកំពុងរស់នៅកម្ពុជាសព្វថ្ងៃ។
លោករដ្ឋមន្ដ្រី បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បង់ក្លាដែស នឹងកាន់តែរឹងមាំ និងកាន់តែល្អប្រសើរបន្ថែមទៀត៕