(ព្រះវិហារ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ និងក្រើនរំលឹកដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ដែលឈរជើងតាមព្រំដែន និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ដែលនៅតាមព្រំដែន ត្រូវសហការគ្នាបង្ក្រាបគ្រឿងញៀន ដោយមិនត្រូវគប់គិតគ្នាជាមួយក្រុមឧក្រិដ្ឋជនឲ្យសោះ។
ការក្រើនរំលឹករបស់សម្តេចក្រឡាហោម ស ខេង បែបនេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តព្រះវិហារ។
សម្តេចក្រឡាហោម ស ខេង បានអះអាងថា ខេត្តព្រះវិហារ ជាខេត្តមួយដែលពួកឧក្រដ្ឋជនគ្រឿងញៀនបានប្រើប្រាស់ជាផ្លូវឆ្លងកាត់ បើខេត្តស្ទឹងត្រែង ឆ្លងកាត់តាមទន្លេមេគង្គ ព្រះវិហារឆ្លងកាត់តាមដីគោក ហើយគ្រឿងញៀន និងសារធាតុញៀនភាគច្រើនបំផុតសព្វថ្ងៃនេះចូលកម្ពុជា តាមប្រទេសឡាវ អាចចូលទៅវៀតណាមមួយផ្នែក ចូលកម្ពុជាបែងចែកទៅវៀតណាមនិងចូលកម្ពុជា បែងចែកទៅថៃ និងមានចូលពីថៃមកកម្ពុជាខ្លះដែរ។
សម្តេចក្រឡាហោម ស ខេង បានណែនាំយ៉ាងដូច្នេះថា «យើងបង្ក្រាបបានច្រើនណាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺរាប់រយតោន សារធាតុគីមីផ្សំផង ហើយនឹងគ្រឿងញៀនសំយោគ ដែលជាផលិតផលសម្រេចផង សារធាតុគីមីផ្សំមិនទាន់សម្រេច ដោយគេយកសារធាតុមួយៗមកផ្សំ មួយផ្នែកចែកចាយ និងមួយផ្នែកទៀតយកទៅប្រទេសទី៣»។
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ខេត្តព្រះវិហារ មានតួនាទី ត្រូវទប់ស្កាត់ច្រករបៀងទាំងឡាយកុំឲ្យមាន ហើយបញ្ហាគ្រឿងញៀននេះ ធ្វើឲ្យប៉ះពាលដល់សុខភាពយ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះប៉ះពាល់ដល់យុវជន កូនចៅជំនាន់ក្រោយ ប៉ះពាល់ដល់ធនធានមនុស្ស ធ្វើឲ្យមហន្តរាយដល់សមត្ថភាពការការពារបូរណភាពទឹកដី ក៏ដូចជាការពារអធិបតេយ្យភាព៕