(កែប)៖ បុគ្គលិក៣នាក់ដែលធ្វើការនៅ «បុរីកុមារកំព្រាបារាំងក្រុងកែប» បានជួបឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ចំណុចមុខទីស្នាក់ការសាខាពន្ធដាខេត្តកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងនិងខេត្តកែប។

មន្រ្តីនគរបាលចរាចរខេត្តកែប បានប្រាប់អង្គភាព fresh news ថា៖ ជនរងគ្រោះទាំង៣ ទី១-ឈ្មោះ អ៊ែល វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកឌុប (ស្លាប់)មានស្រុក នៅភូមិស្វាយអណ្តូង ឃុំស្តៅ ស្រុកពាមជរ ខេត្តព្រៃវែង, ទី២-ឈ្មោះឌឹម ចក់ ភេទប្រុស អាយុ៣៤ឆ្នាំ(របួសធ្ងន់) រស់នៅភូមិក្តាពុក ឃុំសេនារាស្ត្រឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី៣-ឈ្មោះសឿន ថេន ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់) មានស្រុកនៅភូមិជ្រៃ ឃុំនគររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ជិះម៉ូតូឌុបគ្នាម៉ាកសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1DG-6495។ អ្នករបួសធ្ងន់ទាំង២ ក្រោយកើតហេតុ ត្រូវកម្លាំងនគរបាល ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកែប។

មន្ត្រីដដែលបន្តថា ជនរងគ្រោះទាំង៣នាក់ខាងលើ បានជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុករបាំងថ្មចិញ្ចើមថ្នល់ ក៏ជួបគ្រោះថ្នាក់យ៉ាង​ដូច្នេះតែម្តងទៅ៕