(ភ្នំពេញ)៖ ភាគីថៃបានសន្យាផ្តល់អាហារូបករណ៍តាមរយៈសាកលវិទ្យាល័យល្បីៗចំនួន២ដល់មន្ត្រីរាជការ និងគ្រូបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈរបស់ក្រសួងការងារនិងបណ្តុះបណ្តាលកម្ពុជា កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ សាកលវិទ្យាល័យទាំង២នោះ រួមមាន សាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គល និងសាកលវិទ្យាល័យបច្ចេកវិទ្យាព្រះចូមក្លាវ។
ការសន្យានេះធ្វើឡើងនាឱកាសដែលលោក Anek Laothamatas រដ្ឋមន្រ្តីក្រសួងអប់រំ វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ចូលជួបសម្តែងការគួរសមជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
នាឱកាសនោះ លោក Anek Laothamatas បានលើកឡើងថា ថៃមានសាលារៀនសម្រាប់ត្រៀមចូលរៀនផ្នែកវិស្វកម្ម និងសាកលវិទ្យាល័យសម្រាប់បណ្តុះបណ្តាលគ្រូបច្ចេកទេស និងវិជ្ជាជីវៈមានឈ្មោះល្បីល្បាញចំនួនពីរ គឺសាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គល (Rajamangala University of Technology) និងសាកលវិទ្យាល័យបច្ចេកវិទ្យាព្រះចូមក្លាវ (Phra Chom Klao University of Technology)។
លោកបានបញ្ជាក់ថា បើសិនជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាមានការចាប់អារម្មរណ៍ អាចបញ្ជូនមន្ត្រីទៅរៀនបាន ហើយលោកជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេនឹងមានសមត្ថភាពពេញលេញយកទៅបណ្តុះបណ្តាលបន្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក Anek Laothamatas បានសន្យាផ្តល់អាហារូបករណ៍តាមរយៈមហាវិទ្យាល័យទាំង២ខាងលើដល់មន្ត្រីរាជការ និងគ្រូបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈរបស់ក្រសួងការងារនិងបណ្តុះបណ្តាលកម្ពុជា កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
លោក អ៉ិត សំហេង ពិតជារីករាយខ្លាំងណាស់ដែលខាងភាគីថៃបានផ្តល់អាហារូបករណ៍មកដល់កម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្សនេះ ហើយលោកជឿជាក់ថាគ្រប់វិស័យទាំងអស់នៃប្រទេសទំាងពីរដែលបានធ្វើកន្លងមកជាមួយគ្នាកាន់តែមានការរីកចម្រើនលូតលាស់បន្ថែមទៀត៕